Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ ការបណ្តាក់ទុនវិនិយោគរបស់សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងថា ការបណ្តាក់ទុនវិនិយោគរបស់សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC)នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Sun Xiangchun ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ក្នុងបរិបទនៃការប្រែប្រួលអាកាស។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនគណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន អំពីអាទិភាពរបស់ក្រសួងក្នុងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម និងពីសក្តានុពលទឹកមានសម្រាប់ស្រោចស្រពផ្ទៃដីប្រមាណ ២លានហិកតា ព្រមទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនទៀត ដើម្បីធានានូវសន្តិសុខទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តំណាងគណៈប្រតិភូសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) លោក Sun Xiangchun បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនគឺ ១)ជួយធ្វើការសិក្សា និងវិភាគលើការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹក ២)ស្វែងរកយន្តការសហប្រតិបត្តិការជាមួយក្រសួងធនធានទឹក និងឧតុនិយមលើកិច្ចការគ្រប់គ្រងទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និង៣)ជួយធ្វើការសិក្សា និងវិភាគលើការងារបូមខ្សាច់តាមដងទន្លេមេគង្គ និងជួយធ្វើយ៉ាងណាឱ្យការងារអភិវឌ្ឍន៍តាមដងទន្លេមេគង្គមាននិរន្តរភាព។

សូមបញ្ជាក់ថា សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) ជាសហគ្រាសខ្នាតធំរបស់រដ្ឋ បានបង្កើតឡើងក្នុងឆ្នាំ១៩៧៩។ ក្រុមហ៊ុនមានទីស្នាក់ការតំណាង ឬការិយាល័យគ្រប់គ្រងគម្រោងក្នុងប្រទេស និងតំបន់ចំនួន១១០។ នៅកម្ពុជា ក្រុមហ៊ុនអនុវត្តគម្រោងចំនួន៥ ក្នុងនោះគម្រោងចំនួន២បានបញ្ចប់រួចរាល់ ចំណែកគម្រោងចំនួន៣ទៀតកំពុងអនុវត្ត រួមមាន គម្រោងផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ គម្រោងសាងសង់សំណង់អគារនៅតាមបណ្តោយកំពង់ផែភ្នំពេញ និងគម្រោងសាងសង់បង្គោលអង់តែនទូរគមនាគមន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×