អ្នកបើកបរផ្ដាច់ព្រលឹង យមបាលតាមស្វែងរកឱ្យទៅជួបនៅនរក បែរជាបើកបើករថយន្ត ម៉ាក Lexus nx200t ពណ៌ស ក្នុងស្ថានភាពស្រវឹងជោក ល្មើសនឹងភ្លើងសញ្ញាចរាចរណ៍ បុកអ្នកបើកម៉ូតូ០២គ្រឿងលាន់ដូចរន្ទះ ហើយមនុស្សប៉ើងដូចស្លឹកកណ្ដប បណ្តាលឱ្យស្លាប់ ១នាក់ភ្លាមៗនៅនឹងកន្លែងដែលមើលទៅគួរឱ្យរន្ធត់ និង២នាក់ទៀតរងរបួសដង្ហើមចង្រិត (ស្ទើរស្លាប់ស្ទើររស់) ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯបន្ទីរពេទ្យ ចំណែកអ្នកបើកបរ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ឃាត់ខ្លួន។
ហេតុការណ៍សម្រាប់អ្នកបើកបររហន់ ទៅរកតៃហោង បុកគេស្លាប់នេះ កើតឡើង និងបង្កការភ្ញាក់ផ្អើលខ្លាំង វេលាម៉ោង២៣និង៣០នាទី លើកំណាត់ផ្លូវលេខ១៨២ កែងផ្លូវ លេខ២៦១ ក្នុងក្នុងទឹកដីសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រាត្រី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។
អ្នកបើកបររថយន្តឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មានជាតិអាល់កុល ០,៦២ ក្នុងមួយលីត្រខ្យល់ (mg/L) ។
ករណីនេះបណ្តាលមនុស្សស្លាប់ ១នាក់ និងមនុស្សរបួសធ្ងន់០២នាក់ (បញ្ជូនទៅមន្ទីរពេទ្យព្រះកុសម:), កម្លាំងបុកបានធ្វើឱ្យរថយន្ត ម៉ាក Lexus nx200t ខ្ទេចមុខទាំងស្រុង, ចំណែកម៉ូតូ ២គ្រឿង ត្រូវខ្ទេចខូចខាតស្ទើរតែទាំងស្រុង និងដើមឈើបាក់អស់ ១ដើមថែមទៀត។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា នៅវេលាអធ្រាត្រនោះ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus nx200t ពណ៌ស បើកបរក្នុងល្បឿនលឿនដូចព្យុះ លើកំណាត់ផ្លូវលេខ១៨២ ដូចចំណុចផ្លូវនេះជាផ្លូវកែង មានភ្លើងស្តុបបានលោតក្រហមភ្លឺឡើង ឯផ្លូវកែងលេខកែងលេខ២៦១ ភ្លើងបៃតងក៏បានភ្លឺឡើង ហើយក៏មានម៉ូតូ២គ្រឿង : ១គ្រឿង ម៉ាក PCX ពណ៌ស ផ្លាកលេខភ្នំពេញ 1KF-2588 និង ១គ្រឿងទៀតម៉ាក Let ពណ៌ស ផ្លាកលេខ ភ្នំពេញ1HA-1977 ឆ្លងកាត់ភ្លើងស្តុបដែលជាសញ្ញាអាទិភាពរបស់ពួកគេ ស្របពេលដែលរថយន្ត ម៉ាក Lexus nx200t ពណ៌ស មកដល់ ក៏បុកផាំងលាន់សូរដូចរន្ទះតែម្ដង, ដោយសារកម្លាំងល្បឿនរថយន្តនៅខ្លាំង ក៏ជ្រុលទៅបុកដើមឈើ ១ដើមទៀត បាក់រាបដល់ដី។
ជាក់ស្ដែងណាស់ គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើករថយន្ត បើកបរខ្ជីខ្ជាក្នុងស្ថានភាពស្រវឹងជោក, បើកបរមិនគោរព ឬឈប់ភ្លើងស្តុប ពណ៌ក្រហម ទើបបំពានទៅបុកអ្នកដំណើរស្លាប់ និងរងរបួសបែបនេះ។ បច្ចុប្បន្ន អ្នកបើករថយន្ត ឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ កសាងសំណុំរឿង និងអនុវត្តតាមនីតិវិធី។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបំពានបុកមនុស្សស្លាប់ ត្រូវបានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់សាធារណជន និងសមត្ថកិច្ចនគរបាលចរាចរណ៍រួចហើយថា ត្រូវចាប់អ្នកបើកបររូបនោះវាយខ្នោះ យកទៅអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង បើមានគេសួរថា អ្នកណាឱ្យវាយខ្នោះ ?! ត្រូវប្រាប់គេវិញថា នាយករដ្ឋមន្ត្រី បញ្ជាឱ្យវាយខ្នោះបែបនេះ !!! ដូច្នេះ តើសមត្ថកិច្ចមានបានវាយខ្នោះ អ្នកបើកបររថយន្តឈ្មោះ ស្រី ឧត្តម ម្ចាស់រថយន្ត ម៉ាក Lexus nx200t ពណ៌ស នេះទេ ?! ៕ ពិសិដ្ឋ CEN














