ភ្នំពេញ ៖ តើអ្នកដឹងទេ? សត្វខ្ទីងគឺមានមាឌធំដូចក្របី ដែលមានកម្ពស់រហូតដល់ជាង ២ ម៉ែត្រ និងទម្ងន់អាចដល់ជាង ១.០០០ គីឡូក្រាមឯនោះ។ សត្វខ្ទីង (Bos gaurus) គឺជាប្រភេទសត្វអំបូរគោក្របីដ៏ធំបំផុតនៅលើពិភពលោក និងជានិមិត្តរូបនៃភាពធន់នៅក្នុងព្រៃត្រូពិចរបស់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ទោះបីជាវាមានទំហំធំ និងកម្លាំងខ្លាំងខ្លា ដែលធ្វើឱ្យសត្វស៊ីសាច់ជាអាហារជាច្រើនមិនហ៊ានជាមួយវាក៏ដោយ ក៏ប៉ុន្តែសត្វខ្ទីងកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ និងការបាត់បង់ទីជម្រក ដែលធ្វើឱ្យពួកវាត្រូវបានចាត់ថ្នាក់ជាប្រភេទកំពុងទទួលរងការគំរាមកំហែងក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ។
តាមការសិក្សាស្រាវជ្រាវដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិថ្មីៗនៅលំផាត់ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្រសួងបរិស្ថាន និង USAID មរតកបៃតង បានបញ្ជាក់ថា សត្វខ្ទីងកំពុងនៅមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់នេះនៅឡើយ។
តាមរយៈគម្រោងរេដបូកលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង កិច្ចខិតខំប្រឹងប្រែងអភិរក្សកំពុងដំណើរការដើម្បីប្រយុទ្ធប្រឆាំងនឹងការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់ ដើម្បីជួយបង្កើនចំនួនសត្វខ្ទីងឱ្យមានការកើនឡើងជាបន្តបន្ទាប់ទៅថ្ងៃខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

