ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ដោយសារមានភាពរីកចម្រើនយ៉ាងឆាប់រហ័យនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្នាំ២០២១-២០៣៥ ដោយមានគោលដៅ «កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយដ៏រស់រវើក» ដោយដាក់ចេញនូវមូលដ្ឋានគ្រឹះដើម្បីលើកកម្ពស់ការទទួលយក និងការផ្លាស់ប្តូរឌីជីថលនៅក្នុងសង្គមទាំងអស់ រួមទាំងរដ្ឋ ប្រជាពលរដ្ឋ និងធុរកិច្ច ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមក្នុងលក្ខណៈធម្មតាបែបថ្មី។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទស្តីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសប្បនិម្មិត (AI)» ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងវិទ្យាស្ថានសិក្សាអន្តរជាតិចិន នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានមិត្តភាព រាជធានីភ្នំពេញ។
ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងអាណាចក្រនៃអភិបាលកិច្ច គ្មានប្រទេសណាអាចជំនះភាពស្មុគស្មាញនៃ AI តែម្នាក់ឯងបានទេ។ ភាពទំនាក់ទំនងគ្នា និងការពឹងពាក់គ្នាទៅវិញទៅមករបស់ពិភពលោក និងជាពិសេសការអភិវឌ្ឍរបស់ AI ខ្លួនវា រួមជាមួយនឹងហានិភ័យដែលទាក់ទងនឹង AI បានកំណត់នូវកិច្ចសហការ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសផ្សេងៗគ្នាដើម្បីធានាថា យើងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃ AI និងបង្កើនអត្ថប្រយោជន៍របស់វាសម្រាប់ប្រជាជនរបស់យើងនិងការអភិវឌ្ឍតំបន់។
សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយយុទ្ធសាស្ត្រមន្ទីរបញ្ចកោណដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យក «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងធានាថា នវានុវត្តន៍បច្ចេកវិទ្យា រួមទាំង AI ត្រូវបានប្រើប្រាស់ដើម្បីលើកស្ទួយផ្នែកទាំងអស់នៃសង្គមកម្ពុជាដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់បន្ថែមថា គោលការណ៍ «ការកសាងមូលនិធិឌីជីថល ការទទួលយកឌីជីថល និងការផ្លាស់ប្តូរឌីជីថល» នាពេលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការកសាងមូលដ្ឋានគ្រឹះ ដែលរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលផ្តោតលើការតភ្ជាប់ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងប្រព័ន្ធទូទាត់ឌីជីថល និងការកសាងទំនុកចិត្ត និងការជឿជាក់ទៅលើប្រព័ន្ធឌីជីថលដោយផ្តោតទៅលើការឆ្លើយតប និងក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងការគ្រប់គ្រងសន្តិសុខឌីជីថល។
ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការចិន-អាស៊ានលើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (Al) នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងចិន-អាស៊ាន ដោយផ្ដោតទៅលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលកំណត់យកប្រជាជនជាស្នូល និងពង្រឹងសមត្ថភាពធនធានមនុស្ស ស្ថាប័ន ដើម្បីគ្រប់គ្រង និងជំរុញប្រព័ន្ធ Al ឱ្យក្លាយជាការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ដោយយកការជឿទុកចិត្តរបស់អ្នកប្រើប្រាស់ប្រព័ន្ធ Al ជាស្នូល។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីបញ្ហាស្ដីពីភាពតានតឹងក្នុងការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយលើវិស័យ Al នេះ ហើយចំពោះប្រទេសកម្ពុជាយើងគួរតែគាំទ្រនូវយន្ដការអាស៊ាន ឬគោលនយោបាយអាស៊ានក្នុងការគ្រប់គ្រង Al និងបង្កើនកិច្ចសហប្រតិបត្តិការ Al ក្នុងតំបន់បន្ថែមទៀត ដើម្បីធ្វើឱ្យ Al ជាចលករសំខាន់មួយក្នុងការកសាងសហគមន៍ដែលកំណត់យកប្រជាជនជាស្នូល៕រក្សាសិទ្ធដោយ៖សុទ្ធលី




