Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនដំរីព្រៃ ១ក្បាល ត្រូវបានបញ្ជូនដល់ភ្នំតាម៉ៅ ក្រោយពេលមន្ត្រីជំនាញជួយសង្រ្គោះជាប់អន្ទាក់ព្រានព្រៃ នៅស្រុកលំផាត់

មណ្ឌលគិរី៖ កូនដំរីតូចព្រាត់ពីមេបារបស់វាដោយសារតែអន្ទាក់ព្រានព្រៃ ហើយទើបទទួលបានឈ្មោះថ្មីថា « សំណាង លំផាត់» ត្រូវបានបញ្ជូនដល់ភ្នំតាម៉ៅហើយ កាលពីម៉ោង៥ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពេលមន្ត្រីជំនាញជួយសង្រ្គោះជាប់អន្ទាក់ព្រានព្រៃ។

លោក ញឹម វណ្ណៈ អនុប្រធានដែនជម្រកសត្វព្រៃលំផាត់ ដែលមានទីតាំងនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងជាអ្នកបានជួយសង្គ្រោះកូនដំរីព្រៃដ៏គួរឲ្យស្រឡាញ់ផ្ទាល់ផងនោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា ដើម្បីអាចថែរក្សាជីវិតកូនដំរីកំសត់តូចនេះឲ្យបានរស់នៅធំធាត់ មន្ត្រីជំនាញ ជាពិសេសថ្នាក់ដឹកនាំសម្រេចនាំយកកូនដំរីព្រៃដែលមានវ័យទើប៥ខែនេះ ទៅរស់នៅមជ្ឈមណ្ឌលថែរក្សាសត្វព្រៃភ្នំតាម៉ៅ ដែលមានក្រុមគ្រូពេទ្យជំនាញជួយព្យាបាលរបួសរបស់វា និងថែទាំតាមបច្ចេកទេសរស់នៅតាមធម្មជាតិរបស់សត្វដំរី។

សូមរំឮកថា មានកូនដំរីព្រៃដ៏អភ័ព្វមួយក្បាលដែលមានអាយុប្រមាណ៥ខែ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៅឯស្រុកកោះញែក នាល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួសបណ្តាលមកពីអន្ទាក់ព្រានព្រៃ។ មួយថ្ងៃ ក្រោយពីកូនដំរីព្រៃមួយក្បាលទ​ម្ងន់ប្រហែលជា២០០គីឡូក្រាមនេះត្រូវបានប្រទះឃើញ និងយក​ទៅ​សង្រ្គោះ​នៅ​ ស្នាក់​ការ​កណ្តាល រយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មក ក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance-WA)ក៏បានចុះទៅជួយធ្វើអន្តរាគមន៍ផងដែរ។
បន្ទាប់ពីទៅដល់ ក្រុមការងារបាន​ បំ​បៅទឹ​ក​ដោះ​គោឱ្យ​កូនដំរី ដាក់ស៊ីរ៉ូម ដើម្បីឱ្យមានកម្លាំងឡើងវិញ ហើយពិនិត្យមើល និងព្យាបាលរបួស ដោយសារតែជាប់អន្ទាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×