សៀមរាប៖ ពិធី«បុណ្យរំលឹកគុណអង្គរ» លើកទី៤ បានប្រកាសបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងបណ្តាប្រទេសជាមិត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្សប្រមាណ២,០០០អង្គ/នាក់។
ពិធី«បុណ្យរំលឹកគុណអង្គរ» លើកទី៤នេះ បានរៀបចំពិធីបួងសួង រាប់បាត្រព្រះសង្ឈចំនួន១៣២អង្គ កម្មវិធីបែបសាសនាជាច្រើន ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលនៃអាជ្ញាធរជាតិអប្សរា រួមជាមួយដៃគូអន្តរជាតិនានា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ព្រឹត្តិការណ៍សម្តែងសិល្បៈរាត្រីចងចាំ និងកម្មវិធីអមជាច្រើនទៀត ដែលផ្តល់ឱកាសឱ្យសាធារណជនបានទស្សនា និងឈ្វែងយល់ដោយសេរី។
នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានថ្លែងថា ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញ នៃគោលនយោបាយឈ្នះឈ្នះ ប្រកបដោយកត្ដិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តនូវមកនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយភាពឈ្លាសវៃ និងពោរពេញដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលរមែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ជាអាទិភាពចំបង តំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាការរួមចំណែកក្នុងសេដ្ឋកិច្ច ដែលនាំមកនូវការរីកចម្រើនប្រកបដោយចីរភាព សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំពិធីបុណ្យរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៏យូរលង់របស់ជាតិសាសនាខ្មែរ ដែលមានវ័យចំណាស់មួយនេះ។ ពិធីនេះ ក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលអ្នកទេសចរអាចបន្ដមើលឃើញនូវសក្ខីកម្មនូវស្នាដៃដ៏អស្ចារ្យ របស់បុព្វបុរសខ្មែរប្រកបដោយទេព្យកោសល្យខ្ពស់។
លោកជំទាវបណ្ឌិត បានបន្តថា ប្រជាជនខ្មែរត្រូវភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ នៃប្រទេសជាតិឱ្យទៅកាន់ពិភពលោក ខណៈដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានបណ្ដុះនូវពាក្យស្លោក អរគុណសន្ដិភាព ដើម្បីបន្ដគាំទ្រដល់រដ្ឋធម្មនុញ្ញ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្ដិ។
លោកជំទាវបណ្ឌិត បានបន្តថា បច្ចុប្បន្នការអភិរក្ស និងអភិវឌ្ឍនៅក្នុងរមណីយដ្ឋានអង្គរ មានការផ្លាស់ប្ដូរប្រកបដោយសោភណ្ឌភាព ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងត្រូវបានទទួលស្គាល់ពីសាធារណជន ជាពិសេសភ្ញៀវទេសចរអន្ដរជាតិ ដែលពួកគាត់ធ្លាប់បានទៅទស្សនាទឹកដីអង្គរកាលពីមុន។ លោកជំទាវ បានសម្ដែងការសរសើរ និងបានទទួលស្គាល់ពីភាពរីកចម្រើនដែលរមណីយដ្ឋានអង្គរ បានប្រែក្លាយជាវិជ្ជមាន។
លោកជំទាវបណ្ឌិត បានប្រកាសថា រមណីយដ្ឋានអង្គរ គឺជាសម្បត្ដិបេតិកភណ្ឌ នៃមនុស្សជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវប្ដូរផ្ដាច់រួបរួមគ្នារក្សាការពារទឹកដីកម្ពុជា ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានរីកចម្រើនលូតលាស់សម្បូររុងរឿង និងសន្ដិភាពជានិរន្ដរ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី