ភ្នំពេញ ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយនិងបញ្ហាប្រឈមផ្សេងទៀត ជាទុនយកមកអនុវត្តនៅអាណត្តិក្រោយៗទៀត។
ពិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី២៧សីហា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីតំណាងគណបក្សទាំង១៩ ដែលមានសមាជិក សមាជិកាចូលរួមប្រមាណជាង៤០០នាក់។
លោកលុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានថ្លែងពីមោទនភាព ចំពោះលទ្ធផលល្អប្រសើរ នៃដំណើរការឃោសនា ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ពិសេសលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតកន្លងមកនេះ។
លោកលុន ឆេងកៃ មានប្រសាសន៍ថា ដើម្បីវាយតម្លៃពីភាពត្រឹមត្រូវ នៃការបោះឆ្នោតមួយ គឺគេចាំបាច់ត្រូវធ្វើការវិនិច្ឆ័យនិងវាយតម្លៃទៅលើភាពត្រឹមត្រូវ នៃការអនុវត្តមុខងាររបស់អ្នករៀបចំការបោះឆ្នោត ទាំងក្នុងក្របខ័ណ្ឌបច្ចេកទេសទាំងក្នុងក្របខ័ណ្ឌច្បាប់ គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត។ សន្និបាតថ្ងៃនេះ ក៏ជាការដកពិសោធន៍លើភាពចន្លោះប្រហោងខ្លះៗ ចៀសមិនផុតក្នុងការរៀបចំការបោះឆ្នោត ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំការបោះឆ្នោតនៅពេលក្រោយៗទៀត និងក្នុងគោលដៅដើម្បីប្រមូលធាតុចូលតាមរយៈ ការដាក់ឲ្យពិភាក្សារួមគ្នាក្នុងសន្និបាតនេះដើម្បីស្វែងរកចំណុចខ្វះខាត ចំណុចអវិជ្ជមាន និងបញ្ហាប្រឈមនានា ដែលជួបប្រទះ ក្នុងពេលកំពុងប្រតិបត្តិ លើការងារបោះឆ្នោតនេះ។
ថ្លែងបិទសន្និបាតក្នុងព្រឹកថ្ងៃដដែលនេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ។ លោកអភិបាលបានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំង១៩ ក្នុងចំណោមគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងរាជធានីភ្នំពេញ ទាំងការឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយដែលមិនបានបង្កការលំបាក ដល់អាជ្ញាធរនិងបានបង្ហាញពីភាពចាស់ទុំ របស់គណបក្សនយោបាយទាំងអស់ ក្នុងការគោរពច្បាប់ និងការអនុវត្ត នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា។
លោកឃួង ស្រេង បានប្រគល់បណ្ណ័សសើរ និងលិខិតសរសើរជាច្រើនសន្លឹកជូនតំណាងកម្លាំងមានសមត្ថកិច្ចទាំង២ភេទមន្ត្រីរដ្ឋបាលរាជធានីអាជ្ញាធរខណ្ឌទាំង១២ និងមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញដែលបានជួយសំរួល និងសហការក្នុងការរៀបចំការបោះឆ្នោតឲ្យដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរនិងសំរាប់ធ្វើជាបទពិសោធន៏សំរាប់ការរៀបចំការបោះឆ្នោតនាពេលខាងមុខទៀត៕ ដោយ ៖ កូឡាប