Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថភាព​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព មេធាវី ដើម្បី​ជួយ​ដល់​កូនក្តី​

spot_img

​ភ្នំពេញ​ ៖​ សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តេច​តេជោ បាន​ណែនាំ​ដល់​គណៈមេធាវី​រក្សា ឲ្យ​រក្សាបាន​នូវ​សមត្ថភាព​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព មេធាវី និង​ធ្វើ​យ៉ាងណា​ពង្រាយ​មេធាវី ដើម្បី​ជួយ​ដល់​កូនក្តី នៅតាម​បណ្ដា​ខេត្ត និង​ជនបទ​។​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ លោក សួន វិសាល​។​

​លោក សួន វិសាល បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេជោ ហ៊ុន សែន អំពី​ប្រវត្តិ​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​សកម្មភាព​កាលពីពេល​កន្លង​មក​។ គណៈមេធាវី បាន​ធ្វើ​ការកែទម្រង់​យ៉ាងច្រើន ជាពិសេស លើ​វិស័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក៏ដូចជា​វិស័យ​អប់រំ​ផង​ដែរ​។ ក្នុងន័យនេះ លោក​បាន​មានប្រសាសន៍​ថា​គណៈមេធាវី បាន​ធ្វើ​ការកែទម្រង់​នៃ​ការងារ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​សមស្រប​ទៅតាម​បរិបទ​នៅ​កម្ពុជា​ផង និង​អន្តរជាតិ​បច្ចុប្បន្ន​ផង​។ លើស​ពី​នោះ​ទៅ​ទៀត លោក​ក៏​បាន​គោរព​រាយការណ៍​ជូន​សម្តេច​តេជោ អំពី​កិច្ចសហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ជាមួយ​គណៈមេធាវី​អន្តរជាតិ ក្នុងន័យ​នេះ​ដែរ លោក​បាន​ជម្រាបជូន​សម្ដេច អំពី​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ ជាមួយ​គណៈមេធាវី​អន្តរជាតិ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ ហើយ​នឹង​រៀបចំ​កិច្ចប្រជុំ​សមាគម​មេធាវី​អាស៊ាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេលខាងមុខ​។​

​លោក សួន វិសាល ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​ផងដែរ អំពី​កិច្ចសហប្រតិបត្តិការ ជាមួយ​ក្រសួង​យុត្តិធម៌ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ទៅ​ដល់​ជនក្រីក្រ ហើយ​ធ្វើ​យ៉ាងណា​រៀបចំ​នូវ​ប្រព័ន្ធ​ទិន្នន័យ សម្រាប់​ការតាមដាន​ករណី​នី​មួយៗ​ផងដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​របាយការណ៍​ដែល​បាន​លើកឡើង​ដោយ​លោក សួន វិសាល ហើយក៏​បាន​ធ្វើការ​ណែនាំ​ថា គប្បី​ណា រាល់​ការ​កែទម្រង់​ទាំងឡាយ ដែល​គណៈមេធាវី នឹងធ្វើ គឺ​ត្រូវ​ធ្វើឲ្យ​ស្រប​តាម​ច្បាប់ របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ផង និង​តាម​និយាម​អន្តរជាតិ​ផង​។ សូម​ពិនិត្យ​មើល​ចំណុច​មួយចំនួន ដែល​មិន​សមស្រប​ទៅតាម​កាលទេសៈ ព្រោះថា​គណៈមេធាវី បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៥ រហូតមកដល់​ពេលនេះ ក៏​មាន​រយៈពេល​យូរអង្វែង​ដែរ​ហើយ ដែល​ចំណុច​មួយចំនួន មិន​សមស្រប​តាម​បរិបទ​សង្គម នាពេល​បច្ចុប្បន្ន​នេះ​ទេ​។ យ៉ាងណាមិញ សម្ដេច​តេជោ ក៏​បាន​ធ្វើ​ការណែនាំ​ដោយ​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ដើម្បី​ធ្វើ​ការសម្រួល​នូវ​ការកែទម្រង់​នេះ​។​

​សម្តេច​តេជោ ក៏​បាន​ណែនាំ​ដល់​គណៈមេធាវី​ផងដែរ​ថា សូម​ពិនិត្យ​មើល​ការបញ្ចេញ​មេធាវី ដោយ​ធ្វើយ៉ាងណា ការបញ្ជូន​មេធាវី​នេះ គឺ​រក្សា​ឲ្យបាន​នូវ​សមត្ថភាព​មេធាវី ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​មេធាវី​ផង និង​ធ្វើ​យ៉ាងណា​ពង្រាយ​មេធាវី ដើម្បី​ជួយ​ដល់​កូនក្តី​នៅតាម​បណ្ដា​ខេត្ត និង​ជនបទ​ផង​៕​ ដោយ ​៖​ កូឡាប​

     

spot_img
×