Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក មា​ជ សុវណ្ណារ៉ា និង​អតីត​សមាជិក​បក្ស​ប្រឆាំង​១៣​នាក់​ទៀត បាន​ចាកចេញ​ពី​ពន្ធនាគារ ត្រូវបាន​កម្លាំង​អាវុធហត្ថ ដឹក​ទៅកាន់​គេហដ្ឋាន​តែម្តង ដោយសារ​ការពារ​សុវត្ថិភាព​

ភ្នំពេញ ​៖ ​លោក មា​ជ សុវណ្ណារ៉ា និង​សមាជិក​អតីត​គណបក្សប្រឆាំង ចំនួន​១៣​នាក់​ផ្សេង​ទៀត នៅ​កណ្តាលរាត្រី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ សរុប​១៤​នាក់​បាន​ចាកចេញ​ពី​ពន្ធនាគារ​ហើយ​។ ការដោះលែង​នេះ បន្ទាប់​ពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ឱ្យ​លើកលែងទោស ឱ្យ​មាន​​សេរីភាព​ឡើងវិញ​ហើយ ក្រោយពី​មាន​សំណើ​ពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ការដោះលែង​លោក មា​ជ សុវណ្ណារ៉ា និង​អតីត​សមាជិក​បក្ស​ប្រឆាំង​១៣​នាក់​ទៀត (​ទាំងអស់​១៤​នាក់​) ត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីជាន់ខ្ពស់​តុលាការ​បាន​បញ្ជាក់ថា ការ​ដែល​មិន​ទាន់ ដោះលែង​អ្នក​ទាំង​១៤​នាក់ នៅវេលា​ម៉ោង​៩៖៣០​នាទី​យប់​នោះ គឺ​ដោយសារ​ហេតុផល​សន្តិសុខ មាន​មនុស្ស​យ៉ាងច្រើន នៅខាងមុខ​ពន្ធនាគារ ដូច្នេះ​ការដោះលែង​ត្រូវ​ពន្យារ​ពេល​ដល់​ពេល​នេះ (​ម៉ោង​ប្រមាណ​១២​យប់​) ហើយ​អ្នក​ទាំងអស់​គ្នា នឹង​ត្រូវ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកជញ្ជូន​ទៅ​កាន់​គេហដ្ឋាន​តែម្តង ដោយសារ​ការពារ​សុវត្ថិភាព​។​

​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឱ្យ លើកលែងទោស​ដល់​លោក មា​ជ សុវណ្ណារ៉ា និង​សមាជិក​អតីត​គណបក្សប្រឆាំង​ចំនួន​១៣​នាក់​ផ្សេង​ទៀត ឱ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ ក្រោយពី​មាន​សំណើ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​អតីត​សមាជិក​បក្ស​ប្រឆាំង​ទាំង​១៤​រូប ដែល​ត្រូវបាន​លើកលែងទោស​នេះ​រួមមាន​៖

១៖ ឈ្មោះ មា​ជ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​
២៖ ឈ្មោះ អឿ ណា​រិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​
៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​

​អ្នក​ទាំងនេះ (៣​នាក់​ខាងលើ​) ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សាលក្រម​ព្រហ្មទណ្ឌ​លេខ ២៩០ “​ប​” ក្រ​៣ ភ​.​ព​.​ព្រ​.​ទ ចុះ​ថ្ងៃ​ទី​២១-០៧-២០១៥ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម​។​

៤៖ ឈ្មោះ នាង សុ​ឃុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​
៥៖ ឈ្មោះ សាន គឹម​ហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​
៦៖ ឈ្មោះ ស៊ុំ ពុទ្ធី ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ​
៧៖ ឈ្មោះ កែ ឃីម ហៅ វិន​ឌី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​
៨៖ ឈ្មោះ ទេព ណារិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​
៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​
១០៖ ឈ្មោះ សាន សី​ហៈ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ​
១១៖ ឈ្មោះ អ៊ុក ពេជ្រ​សំណាង ភេទ​ប្រុស អាយុ ៥១​ឆ្នាំ​

​អ្នក​ទាំងនេះ (៨​នាក់​ខាងលើ​) ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​៧​ឆ្នាំ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​។ សាលក្រម​ព្រហ្មទណ្ឌ​នេះ ត្រូវបាន​ភាគី​ជនជាប់ចោទ​ប្តឹង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​បាន​ចេញ​សាលដីកា​លេខ ៤៨ ក្រ​IV “​ណ​” ចុះ​ថ្ងៃ​ទី​១០-០៥-២០១៨ ដោយ​តម្កល់​ការសម្រេច​ផ្តន្ទាទោស ដូច​តុលាការ​ជាន់​ទាប​។​

១២៖ ឈ្មោះ រឿន ចិ​ត្រា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​
១៣៖ ឈ្មោះ យន់ គឹម​ហួរ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​
១៤៖ ឈ្មោះ យា ថុង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ​

​អ្នក​ទាំង​១១​នាក់​ខាងលើ​នេះ ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ កំណត់​រយៈពេល​០៧​ឆ្នាំ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​។​

​គួរកត់សម្គាល់​ផងដែរ​ថា អ្នក​ទាំង​១៤​រូប​ខាងលើ​បាន​សម្រច​ដក​បណ្តឹងសាទុក្ខ និង​បណ្តឹង​បណ្តឹងឧទ្ធរណ៍​នា​ព្រឹក​ម៉ិញ​នេះ ដែល​នាំ​ឲ្យ​សាលក្រម និង​សាលដីកា​របស់​តុលាការ បាន​ចូល​ជា​ស្ថាពរ ដែល​ជា​ផ្នែក​មួយ នៃ​ការខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ចប់​សំណុំរឿង​នេះ​តាម​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​ស្នើ​សុំ​លើកលែងទោស​។​

​អ្នក​ជាប់​ទោស​ទាំង​១៤​នាក់​នេះ​បាន​ធ្វើលិខិត គោរព​ស្នើសុំ​លើកលែងទោស ទៅ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨​។ នៅក្នុង​លិខិត​គោរព​ជូន​សម្តេច​តេជោ ហ៊ុន សេន បាន​សរសេរ​នៅ​ក្នុង​កម្មវត្ថុ​ថា «​សំណើ​សុំ​សម្តេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍ ស្នើ​លើកលែង​ទោស​ឲ្យ​យើងខ្ញុំ​ទាំងអស់គ្នា បាន​រួចផុត​ទោស និង​មាន​សេរីភាព​»៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

×