ភ្នំពេញ ៖ យោងតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នីតិកាលទី៦ នឹងប្រារព្ធបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អង្គព្រះមហាក្សត្រ ។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោកឡេង ប៉េងឡុង បានបញ្ជាក់ថា ក្នុងពិធីដ៏មហោឡារឹកនិងជាប្រវតិ្តសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវអញ្ជើញចូលរួមជាកិត្តិយសផងដែរ។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នឹងផ្ដើមការងារក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី ៖ សម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នីតិកាលទី៦។
នៅថ្ងៃទី៦ ខែកញ្ញា វេលាម៉ោង៨ព្រឹក រដ្ឋសភាធ្វើការបោះឆ្នោត ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕ ដោយ ៖ កូឡាប