ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រកាសប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដែលបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក នាព្រឹក ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយនឹងក្រុមកាងារចុះមូលដ្ឋានទាំង ១៦ឃុំ បានដែលបានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែកកន្លងមក ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់ស្រុកទាំងមូល ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ ឯកឧតត្តម សុខ សូកេន ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ស្រុករមាសហែក ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាព ផ្ទៃឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តក្រោយៗទៀត ឱ្យទទួលបានលទ្ធផលជោគជ័យ។
សម្តេចកត្តិសង្គហបណ្ឌិត ក៏បានផ្តល់ការណែនាំ ដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា ឱ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ដែលមានសាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំហើយរួមគ្នាគិត, រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា និងឱ្យស្រុះដៃគ្នា ដើម្បីបម្រើប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តស្វាយរៀង ពិសេស ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែធូរធារសំដៅដណ្តើមការគាំទ្រពីប្រជាជន។
នៅក្នុងថ្ងៃនេះផងដែរ ៖
៣. លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង កន្លងមកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប មកទទួលចល័តចល័តតាមក្រុង ស្រុកទាំង ៨ នៃខេត្តស្វាយរៀង។
១. ឯកឧត្តម សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល កន្លងមកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ត្រូវបានផ្ទេរមកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាបវិញ
២. តែងតាំង ឯកឧត្តម សុខ សូកេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក៕ រក្សាសិទ្ធដោយ៖សុទ្ធលី