Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងធ្វើឱ្យខូចខាតដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើង

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង ធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចរង្វង់មូលព្រះថោងនាងនាគ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងមួយក្រុម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

ដើមហេតុនៃករណីនេះ, នៅមុនពេលកើតហេតុមានជនសង្ស័យឈ្មោះ នី សីហា ភេទប្រុស និងឈ្មោះ ហម នៃ ភេទប្រុស បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី នៅចំណុចក្លឹបផែ (កន្ទុយនាគ) លុះដល់ចំណុចដំណាក់ស្ដេច ក៏បានបុកប៉ះ ជាមួយម៉ូតូជនរងគ្រោះឈ្មោះ សុត វ៉ាន់នី ភេទប្រុស អាយុ២០ឆ្នាំ ត្រូវចំបន្តិច ហើយក៏ជិះរត់គេច។ នាពេលនោះជន រងគ្រោះក៏បានជិះម៉ូតូតាមដើម្បីរកដំណោះស្រាយ ហើយពេលដល់ចំណុចរង្វង់មូលព្រះថោងនាងនាគ ក៏ស្រាប់តែ ជនសង្ស័យខាងលើបានហៅបក្ខពួករបស់គេមកបន្ថែមរួមមាន ឈ្មោះ ហម ផៃ ភេទប្រុស, ឈ្មោះ ធួក យុទ្ធី ភេទ ប្រុស, ឈ្មោះ ទី វុទ្ធី ភេទប្រុស និងឈ្មោះ ជា ម៉ាប់ ភេទប្រុស ប្រដាប់ដោយបន្ទះដែកពណ៌ស និងពូថៅ។
ខណៈនោះ ដោយជនរងគ្រោះឃើញដូច្នោះ ក៏បានផ្តលម៉ូតូរត់គេចខ្លួនចូលព្រៃ ហើយក្រុមជនសង្ស័យក៏បានកាប់ទៅលើម៉ូតូរបស់ ជនរងគ្រោះបណ្តាលឱ្យខូចខាតទាំងស្រុង។ ក្រោយពេលកើតហេតុ និងបន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពី ជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើចំនួន ១.ឈ្មោះ ទី សីហា ភេទប្រុស កើតឆ្នាំ២០០៤, ២.ឈ្មោះ ហម នៃ ភេទប្រុស កើតឆ្នាំ២០០៦, ៣.ឈ្មោះ ហម ផៃ ភេទ ប្រុស កើតឆ្នាំ២០០៤, ៤.ឈ្មោះ ធួក យុទ្ធី ភេទប្រុស កើតឆ្នាំ១៩៩៧, ៥.ឈ្មោះ ជា ម៉ាប់ ភេទប្រុស កើតឆ្នាំ២០០៦, ៦.ឈ្មោះ នី វុទ្ធី ភេទប្រុស កើតឆ្នាំ២០០៣ និងនៅមានបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។ ០៦នាក់

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងនេះ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ឋ នៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ០៦នាក់ និងបក្ខពួក បញ្ជូនទៅចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពីបទៈ កាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត និង ធ្វើឱ្យខូចខាតដោយចេតនា តាមបញ្ញត្តិមាត្រា ៤៩០ កថាខណ្ឌ ២ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ០១១ អ.យ.ង/១៥ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដើម្បីចាត់ការ បន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×