ក្រុមហ៊ុនលាយបេតុងធំមួយ សូមអំពាវនាវដល់ ឈ្មោះ ហែម សុទ្ធីយ៉ា ដែលជាអតីតបុគ្គលិក សូមចូលខ្លួនមកដោះស្រាយប្រាក់ដែលភ្ញៀវ ឬអតិថិជន បានទិញបេតុងពីក្រុមហ៊ុនយកទៅប្រើប្រាស់លើការសាងសង់សំណង់ផ្សេងៗ ហើយបានបង់លុយដល់អតីតបុគ្គលិកឈ្មោះនេះ ប៉ុន្តែឈ្មោះនេះ បានយកលុយពីភ្ញៀវ ឬអតិថិជន ទៅប្រើប្រាស់ផ្ទាល់ខ្លួនទៅវិញ ធ្វើឱ្យក្រុមហ៊ុនខាតបង់ និងប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន, ដូច្នេះ សូមលោក ហែម សុទ្ធីយ៉ា ចូលខ្លួនមកដោះស្រាយទូរទាត់ប្រាក់ តាមពេលវេលាកំណត់ ដែលបានសន្យា បើពុំសើចនោះទេ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់។
បើតាមសាច់រឿងក្បត់ទំនុកចិត្តនេះ ក្រុមហ៊ុនលាយបេតុងធំមួយខាងលើ បានឱ្យដឹងថា ឈ្មោះ ហែម សុទ្ធីយ៉ា មានលំនៅឋាន សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានចូលបម្រើការងារផ្នែកលក់ ឱ្យក្រុមហ៊ុននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងពេលបំពេញការងារផ្នែកលក់ លោក ហែម សុទ្ធីយ៉ា បានទាក់ទងភ្ញៀវ ឬអតិថិជន មកទិញបេតុងជាបន្តបន្ទាប់ និងមានជំពាក់ប្រាក់, មិនទាន់ទូទាត់ប្រាក់ ជាច្រើននាក់ផងដែរ ដោយលោក ហែម សុទ្ធីយ៉ា ប្រើពាក្យដោះសារជាមួយក្រុមហ៊ុនថា ភ្ញៀវ ឬអតិថិជន មិនអាចបង្វិលប្រាក់ទាន់ពេលវេលា ក៏សុំពន្យារពីពេលនេះ ទៅពេលនោះ ជាបន្តបន្ទាប់ ហូរហែអ៊ីចឹងទៅ។
លុះបម្រើការងារបានប្រហែលជិតមួយឆ្នាំ លោក ហែម សុទ្ធីយ៉ា អតីតបុគ្គលិកផ្នែកលក់ ក៏បានលាឈប់ពីការងារទៅវិញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គឺពេលវេលាឈប់នោះ លោក ហែម សុទ្ធីយ៉ា បាននាំយកទៅជាមួយនូវប្រាក់ជំពាក់របស់ភ្ញៀវ និងប្រាក់មិនទាន់ទូទាត់ ជាច្រើននាក់ផងដែរ។ លោក ហែម សុទ្ធីយ៉ា បាននិយាយដោះសារជាមួយក្រុមហ៊ុនថា ភ្ញៀវដែលជំពាក់ប្រាក់ទាំងប៉ុន្មាន បានពន្យាទៅថ្ងៃនេះ ថ្ងៃនោះ…។
មកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនបានរកឃើញថា លោក ហែម សុទ្ធីយ៉ា បានទទួលការទូតទាត់ប្រាក់ពីអតិថិជនដែលមានឈ្មោះ HENG SODETH ចំនួន ៣លើក ដោយឱ្យ លោក HENG SODETH ធ្វើការទូទាត់ទៅគណនី ធនាគារ ABA ឈ្មោះ NY VAV មិនមែនជាគណនីក្រុមហ៊ុនឡើយ ÷
-លើកទី១ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១ : ១៤នាទីព្រឹក ផ្ទេរប្រាក់ចេញពីគណនីធនាគារ ABA របស់លោក HENG SODETH ទៅកាន់គណនីឈ្មោះ NY VAV ទឹកប្រាក់ចំនួន ២ ៧៤៣.៥០ដុល្លារ,
-លើកទី២ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ : ៣៨នាទីព្រឹក ផ្ទេរប្រាក់ចេញពីគណនីធនាគារ ABA របស់លោក HENG SODETH ទៅកាន់គណនីឈ្មោះ NY VAV ទឹកប្រាក់ចំនួន ២ ៩២០.៥០ដុល្លារ
-លើកទី៣ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ : ០៨នាទីព្រឹក ផ្ទេរប្រាក់ចេញពីគណនីធនាគារ ABA របស់លោក HENG SODETH ទៅកាន់គណនីឈ្មោះ NY VAV ទឹកប្រាក់ចំនួន ២ ៣០១.០០ដុល្លារ ។
តាមការផ្ទេរលុយខាងលើ លោក ហែម សុទ្ធីយ៉ា បានទទួលប្រាក់ពីភ្ញៀវឈ្មោះ HENG SODETH ចំនួន ៧ ៩៦៥ដុល្លារ , ហើយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ហែម សុទ្ធីយ៉ា បានប្រើគណនី Telegram ក្លែងក្លាយដើរតួជាលោក HENG SODETH មកទូទាត់ប្រាក់ឱ្យក្រុមហ៊ុន ចំនួន ១ ០០០ដុល្លារ , ដូច្នេះឃើញថា នៅសល់ទឹកប្រាក់ចំនួន ៦ ៩៦៥ដុល្លារទៀត ត្រូវបានលោក ហែម សុទ្ធីយ៉ា កេងប្រវ័ញ្ចពីក្រុមហ៊ុន យកទៅប្រើប្រាស់ផ្ទាល់ខ្លួន។
ដល់រកឃើញល្បិចកេងប្រវ័ញ្ច ឬក្បត់នឹងទំនុកចិត្តបែបនេះ លោក ហែម សុទ្ធីយ៉ា បានសន្យាថា សូមសន្យាទូទាត់ប្រាក់ជូនក្រុមហ៊ុន នូវចំនួនទឹកប្រាក់ដែលបានកេងប្រវែងពីក្រុមហ៊ុន ចំនួន ៦ ៩៦៥ដុល្លារ បូកជាមួយនឹងការប្រាក់ នៃការយកលុយក្រុមហ៊ុនទៅប្រើប្រាស់ ចំនួន ៥០០ដុល្លារទៀត ប៉ុន្តែលើសថ្ងៃកំណត់ច្រើនថ្ងៃហើយ លោក ហែម សុទ្ធីយ៉ា មិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យានោះទេ ដូច្នេះក្រុមហ៊ុនសូមអំពាវនាវដល់ លោក ហែម សុទ្ធីយ៉ា ចូលខ្លួនមកដោះស្រាយបញ្ហាប្រាក់ ដែលលោកបានកេងប្រវ័ញ្ច និងក្បត់ទំនុកចិត្ត ជាមួយក្រុមហ៊ុនផង ពុំដូច្នោះទេ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕ ពិសិដ្ឋ CEN