ខេត្តកំពង់ចាម: “នៅក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃគ្មានទេកីឡានិងសាលារៀន… មានតែបង្ខំមនុស្សឲ្យធ្វើពលកម្មជាទម្ងន់ឈានរហូតដល់បាត់បង់ជីវិតដោយសារតែបាក់កម្លាំង”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តថ្លែងក្នុងឱកាសអញ្ជើញចូលរួមប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ទិវាជ័យជំនះ០៧មករាឆ្នាំ១៩៧៩ -២០២៥ នៅទីលានបាល់ទះមុខមន្ទីរពេទ្យខេត្តក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៥មករាឆ្នាំ ២០២៥។ជាមួយនោះក៏មានការចូលរួមកីឡាជាច្រើនប្រភេទ មកពីតាមបណ្ដាក្រុង-ស្រុកទាំង១០ក្នុងខេត្តកំពង់ចាមក្នុងបរិយាកាសសប្បាយរីករាយនិងសាមគ្គីភាព។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា:
សរុបចាប់ពីឆ្នាំ២០១៨ រហូត២០២៤ ខេត្តកំពង់ចាម ទទួលបានមេដាយចំនួន ៣៥៨គ្រឿង ក្នុងនោះមេដាយមាសចំនួន៨៤គ្រឿង មេដាយប្រាក់ចំនួន ១១១គ្រឿងនិងមេដាយសំរិទ្ធចំនួន ១៦៣គ្រឿង។ក្រុមកីឡាតាមមន្ទីរអង្គភាពជុំវិញខេត្តក្លឹបនិងក្រុងស្រុកដែលចូលរួមប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ នេះក្នុងនោះរួមមាន:
១.សាលាខេត្តកំពង់ចាមមាន វាយសីមួយក្រុមស្មើ៣០នាក់។
២.ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបាល់ទះមួយក្រុមនិងបាល់ទាត់មួយក្រុម។
៣.តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាមវាយសី១ក្រុមស្មើ០៤នាក់។
៤.មន្ទីរគណបក្សខេត្តកំពង់ចាម ប៊ូល០៦ក្រុម។
៥.មន្ទីរពេទ្យខេត្តកំពង់ចាម ប៊ូល០៤ក្រុមរួមនិងតាមបណ្ដាស្រុកជាច្រើនទៀត។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា
សូមឱ្យយុវជនយុវនារីនៅសម័យនេះចងចាំឱ្យបានគ្រប់ៗគ្នាធ្វើយ៉ាងណាកុំឲ្យរបបប្រល័យពូជសាសន៍វិលមកកម្ពុជាសារជាថ្មីម្ដងទៀត។ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយបន្ទីរអប់រំយុវជននិងកីឡាព្រមទាំងអង្គភាពមួយចំនួនទៀតបានសហការគ្នាបង្កើតឲ្យមានប្រតិការណ៍កីឡានេះឡើង។
ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍បន្តថា ជាការពិតណាស់យុវជនដែលបានចូលចិត្តនាំគ្នាលេងកីឡាគឺបង្កើតឲ្យមានសុខភាពល្អនិងជៀសផុតពីជំងឺនានាមួយចំនួនទៀត។មានយុវជនខ្លះមិនបានយកពេលវេលាអានសៀវភៅដើម្បីឲ្យមានចំណេះដឹងនោះទេ បែរជានាំគ្នាទៅប្រព្រឹត្តនៅអំពើអ្វីមួយផ្សេងដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គមទៅវិញ ដូច្នេះត្រូវតែនាំគ្នាជៀសវាង។
ជាការពិត ដោយសារគុណបំណាច់សម្ដេចតេជោរួមនិងឥស្សរជនមួយចំនួនទៀតបានរំដោះប្រទេសជាតិទទួលបានជ័យជំនះថ្ងៃ០៧មករាឆ្នាំ១៩៧៩បន្តរហូតមកដល់សព្វថ្ងៃគឺប្រទេសមានសុខសន្តិភាពការីកចម្រើនគ្រប់បែបយ៉ាង។ មួយវិញទៀតក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ប្រទេសមានសុខសន្តិភាព ជាក់ស្ដែងក្នុងពេលឱកាសឆ្លងឆ្នាំសកលកន្លងទៅថ្មីៗគឺមានយុវជនមកពីគ្រប់ទិសទីបានមកលេងនៅក្រុងកំពង់ចាម ឃើញថាមានភាពច្រើនកុះករគួរឲ្យកត់សម្គាល់រួមនឹងការបាញ់កាំជ្រួចលេងក្នុងបរិយាកាសសប្បាយរីករាយទៀតផង។ឯកឧត្តមអភិបាលខេត្តក្រើនរំលឹកដល់ក្រុមកីឡាដែលចូលរួមធ្វើយ៉ាងណាប្រឹងប្រែងឲ្យទទួលបានជ័យលាភីសម្រាប់ថ្នាក់ខេត្តទៅប្រកួតថ្នាក់តំបន់និងថ្នាក់ជាតិ ធ្វើយ៉ាងណាឱ្យខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់លេខមួយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី