ភ្នំពេញ ៖ «បំភ្លេចម្ដេចបាន» , ព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយកឱកាសមុនថ្ងៃប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជាគ្មានកំហុសបានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ទំនៀមទម្លាប់នៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្លេះ និងបើគិតមកទល់ពេលបច្ចុប្បន្ន នេះគឺជាលើកទី១៣ ហើយដែលយើងបានមកដល់ទីនេះជាមួយគ្នា។ បើទោះបីជាឆ្នាំ ២០២១ និង២០២២ មានវិបត្តិកូវីដ-១៩ក៏ដោយ ក៏ក្រុមគ្រួសារ ស.ស.យ.ក.នៅតែបន្តរៀបចំពិធីនេះដដែល ទោះមិនអាចមានការជួបជុំក្នុងកម្រិតធំក៏ដោយ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាពេលនេះ គឺជាការរំឭកដល់ខួប ៤៦ ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគជ័យនេះ បាននាំឲ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា តាមរយៈការប្រារព្ធពិធីនេះ មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី ការរំឭករបស់ដល់ដែលបានបាត់បង់ជីវិតនាសម័យនោះទេ ក៏ប៉ុន្តែជាឱកាសក្នុងការផ្សារភ្ជាប់យុវជនជាមួយនឹងប្រវិត្តសាស្ត្រឱ្យបន្តចងចាំ និងដឹងគុណនូវការលះបង់ពីសំណាក់អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។ ជាពិសេស បានផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់ភ្នែកនូវតឹកតាងដ៏ឈឺចាប់ដែលបន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។ លើសពីនោះថែមទៀត គឺបានរៀនយល់ដឹងពីបទពិសោធន៍ក្នុងអតីតកាលដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិនិងស្រលាញ់ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត។
ឯកឧត្តមបានបន្តថា ការនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ មិនមែនចង់ឱ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សារភ្ជាប់ការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។ ក្នុងនាមជាយុវជនបន្តវេន ត្រូវតែបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ ហើយប្ដេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាកម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់ នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស៕ រក្សាសិទ្ធដោយ៖សុទ្ធលី