ករណីទំនាស់អាជីវករលក់ក្រណាត់ ផ្កាជ័រ និងគ្រឿងតុបតែងផ្សេងៗជាមួយអាជីវករលក់សាច់គោ និងលក់ត្រី នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង មិនទាន់មានដំណោះស្រាយទេ ដោយស្ត្រីអាជីវករលក់សាច់គោនេះ ឈ្មោះ ទេព សុភន ជាអ្នកលក់សាច់គោផង ជាប្រធានភាស៊ីផ្សារផង និងជាប្រធានគណៈកម្មការផ្សារវាលយន្តផង ដូច្នេះ អាងខ្លួនជាប្រធានភាស៊ី ប្រធានផ្សារ បង្កើតបក្ខពួកជាមួយអ្នកលក់ត្រីក្បែរខាង បង្ករឿង ធ្វើទុក្ខបុកម្នេញ ឈ្នានីស ទៅលើអាជីវករលក់ក្រណាត់ ផ្កាជ័រ និងគ្រឿងតុបតែងផ្សេងៗ ពីរនាក់ប្ដី-ប្រពន្ធឥតឈប់ឈរ ដោយពួកគេប្រើកម្លាំងសន្តិសុខផ្សារមកបណ្ដេញ យកជើងទាត់ឈូស យកដៃចាប់អីវ៉ាន់គ្រឿងលក់ដូររបស់អាជីវករពីរនាក់ប្ដីប្រពន្ធគ្រវែងទៅនេះ ទៅនោះ តាមអំពើចិត្ត ក្នុងបំណងកម្ចាត់ពួកគាត់ចេញដោយយកក្រុមអ្នកលក់ត្រី មកដាក់លក់ជាន់លើទីតាំងចាស់របស់គាត់ទៅវិញ ក្នុងពេលដែលអាជីវករពីរនាក់ប្ដីប្រពន្ធដាក់អីវ៉ាន់លក់ដូរនេះ លើទីធ្លាអាស្រ័យផលទំហំ ២ម៉ែត្រ × ៦ម៉ែត្រ តាមលំនាំចាស់ជិត៣០ឆ្នាំទៅហើយ។
អាជីវករ២នាក់ប្ដី-ប្រពន្ធ គឺប្ដីឈ្មោះឈ្មោះ សួន ផល្លី អាយុ៦៨ឆ្នាំ និងប្រពន្ធឈ្មោះ សេក សាបឿន អាយុ៦៧ឆ្នាំ លក់ក្រណាត់ ផ្កាជ័រ និងគ្រឿងតុបតែងផ្សេងៗក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង បានថ្លែងអំពាវនាវថា សូមសំណូមពរឱ្យអាជ្ញាធរក្រុងស្វាយរៀង ជួយដោះស្រាយករណី អ្នកស្រី ទេព សុភន ជាអ្នកលក់សាច់គោផង ជាប្រធានភាស៊ីផង និងជាប្រធានផ្សារវាលយន្តផង បង្កើតបក្ខពួកជាមួយអ្នកលក់ត្រី និងអ្នកលក់ដូរក្បែរខាងគ្នា៤-៥នាក់ បង្ករឿង ធ្វើទុក្ខបុកម្នេញ ឈ្នានីស ទៅលើពួកគាត់ជាអាជីវករ២នាក់ប្ដី-ប្រពន្ធស្ទើរតែជារៀងរាល់ថ្ងៃ អត់រយៈពេលជាងមួយឆ្នាំមកហើយ គឺអ្នកស្រី ទេព សុភន អាងខ្លួនជាប្រធានភាស៊ី និងជាប្រធានផ្សារវាលយន្ត មិនគិតច្បាប់ទម្លាប់ គិតតែពីចង់ឈ្នះ និងឈ្នានីសគេ បានប្រើកម្លាំងសន្តិសុខឱ្យមកចាប់គ្រវែងអីវ៉ាន់ដាក់តាំងលក់របស់អាជីវករពីរនាក់ប្ដី-ប្រពន្ធ តាមតែអំពើចិត្ត គឺដេញគាត់មិនឱ្យដាក់អីវ៉ាន់លក់ដូរលើទីធ្លីអាស្រ័យផលទំហំ២ម៉ែត្រ × ៦ម៉ែត្រ ហើយបែរជាអនុញ្ញាតឱ្យអ្នកលក់ត្រី មកលក់ជាន់លើទីតាំងនេះទៅវិញ ខណៈទីធ្លាលក់ដូរនេះ ជាលំនាំចាស់ ត្រូវបានដាក់តាំងអីវ៉ាន់លក់ជិត ៣០ឆ្នាំ ទៅហើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣ ទី៤ និងទី៥ ខែមករា ឆ្នាំ២០២៥ អ្នកស្រី ទេព សុភន ប្រធានភាស៊ី និងជាប្រធានផ្សារវាលយន្ត បានប្រើកម្លាំងសន្តិសុខ ដឹកនាំដោយឈ្មោះ ម៉ន មករករឿង ទាត់ ឈូស និងចាប់អីវ៉ាន់លក់ដូររបស់អាជីវករពីរនាក់ប្ដី-ប្រពន្ធនេះ គ្រវែងទៅនេះ ទៅនោះតាមអំពើចិត្ត, ដូច្នេះហើយ ទើបអាជីវករពីរនាក់ប្ដី-ប្រពន្ធនេះ សំណូមពរទៅ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង មេត្តាជួយដោះស្រាយរកយុត្តិធម៌ និងពិនិត្យមើលពួកគាត់ផង គេធ្វើបាបឥតឈប់ឈរស្ទើររាល់ថ្ងៃ។ ការសំណូមពរនេះ បានធ្វើឡើងជាងមួយឆ្នាំទៅហើយ ប៉ុន្តែមិនមានលទ្ធផលជាវិជ្ជមានអ្វីសោះ ព្រោះថា អ្នកបង្កទំនាស់នេះ ជាអ្នកលក់សាច់គោផង ជាប្រធានភាស៊ីផង និងជាប្រធាផ្សារផង ដូច្នេះគាត់ធ្វើអ្វីៗស្រេចតែនឹងចិត្ត មិនគិតវាច្បាប់ទម្លាប់ លំនាំលក់ដូរចាស់នោះទេ។
អាជីវករឈ្មោះ សួន ផល្លី និង សេក សាបឿន ពីរនាក់ប្ដី-ប្រពន្ធរូបនេះ បានរៀបរាប់ឱ្យដឹងថា ពួកគាត់បានតស៊ូលក់ដូរក្នុងផ្សារវាលយន្តក្រុងស្វាយរៀងនេះ តាំងពីអំឡុងឆ្នាំ១៩៨៨ – ១៩៨៩ មកម៉្លេះ ដើម្បីចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ ហើយក៏ចេះតែរីកលូតលាស់ កើតកាលវាលគុម្ព រហូតដល់សព្វថ្ងៃ។ កាលអំឡុងដំបូងៗនោះ តូបលក់ដូររបស់ពួកគេពីរនាក់ប្ដី-ប្រពន្ធនេះ ស្ថិតនៅភាគខាងលិចនៃទីចាត់ការផ្សារជាប់ជណ្ដើរផ្សារ, ហើយជាបន្តបន្ទាប់មក រហូតដល់ឆ្នាំ២០១៨ ពួកគាត់បានលក់តូបវ័យចំណាស់ទៅឱ្យអ្នកផ្សេង ហើយក៏ឆ្លៀតប្រឹងប្រែងមកទិញតូបថ្មី បានចំនួន ១តូប ស្ថិតនៅខាងលិច ឆៀងខាងជើងចុងផុតនៃគ្រឹះផ្សារ , ពួកគាត់ធ្វើអាជីវកម្មលក់ដូរ ក្រណាត់ មុង ភួយ ផ្កាជ័រ និងគ្រឿងតុបតែងច្រើនប្រភេទទៀតាំ។
មកដល់ឆ្នាំ២០១៩ ការលក់ដូរ ចេះតែដាក់ចុះដុះឡើងរីកចម្រើន ផ្សំនឹងពេលមួយនោះ ម្ចាស់តូបជាប់ពួកគាត់ចំនួន ២តូប ចង់លក់ចេញវិញ ពួកគាត់ពីរនាក់ប្ដី-ប្រពន្ធឃើញឱកាសល្អ ដោយគិតថា បើទិញ ២តូប ជាប់គ្នានេះ វានឹងពង្រីកជាប់គ្នាជាមួយនឹងតូបគាត់មួយតូបទៀត គឺក្លាយជា ៣តូបភ្ជាប់គ្នាហើយ តូបគាត់នឹងធំ ងាយស្រួលដាក់អីវ៉ាន់ និងបើកមុខក្នុងការលក់ដូរផងដែរ, ហើយម្យ៉ាងទៀត ២តូបដែលម្ចាស់គេចង់លក់ចេញនោះ មានសល់ទីធ្លាអាស្រ័យផល នៅទល់មុខគ្នាប្រវែង ២ម៉ែត្រ × ៦ម៉ែត្រ ថែមទៀត ដែលម្ចាស់ដើមគេដាក់គ្រែលក់ចាប់ហួយ ឬគ្រឿងទេស, ដូច្នេះ បើគាត់ទិញ គឺកាន់តែមានទីធ្លាទូលាយដាក់អីវ៉ាន់លក់ដូរ។ ស្របពេលមួយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមអាជីវករផ្សាររដ្ឋ ក្នុងឆ្នាំ២០២៣ បានមានប្រសាសន៍ថា ចំពោះទីតាំងផ្សាររដ្ឋ អាជីវករគ្រប់រូប មានសិទ្ធិលក់ ឬផ្ទេរពីឪពុក-ម្ដាយ ឱ្យកូន ឬផ្ទេរទៅអ្នកដទៃបាន ក្នុងនោះ មានតូប គ្រែ រាន ស្តង់ ជាដើម, ទើបពួកគាត់សម្រេចចិត្តទិញតូបថ្មី២តូបនោះដើម្បីភ្ជាប់គ្នាជាមួយតូបគាត់ ១តូបទៀត ឱ្យក្លាយជា ៣តូប និងទទួលបានទីធ្លាអាស្រ័យផល នៅទល់មុខគ្នាប្រវែង ២ម៉ែត្រ × ៦ម៉ែត្រ ថែមទៀត ដែលជាលំនាំចាស់។
ក្នុងពេលមានគេឈ្នានីស ធ្វើទុក្ខបុកម្នេញបែបនេះ ពួកគាត់ពីរនាក់ប្ដី-ប្រពន្ធ បានប្តឹងទៅ លោកអភិបាលក្រុងស្វាយរៀង មួយលើក ជាពីរលើក រួចមកហើយ ឱ្យជួយចុះមកដោះស្រាយ, លោកអភិបាលក្រុង ណុប ចំរើន ក៏បានចាត់ចែងតាមបែបសមទំនងផងដែរ, ប៉ុន្តែ បែរជាលោកនាយករដ្ឋបាលសាលាក្រុង ឈ្មោះ សាំង ឡៃ មកអនុវត្តបែបប៉ះដៃយកដៃ ប៉ះជើងយកជើង គឺឱ្យគេវាយឃ្លុបខឿនដែលរៀបឥដ្ឋ បាំងទឹក ដើម្បីដាក់អីវ៉ាន់លក់ដូរនោះ ចោលទៅវិញ គ្មានខ្លាចញញឹតច្បាប់ស្ដីពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនោះឡើយ ផ្ទុយពីលោកអភិបាលក្រុង ណុប ចំរើន បញ្ជាឱ្យចាត់ចែងតាមបែបសម្របសម្រួល។
បើតាមអាជីវករឈ្មោះ សួន ផល្លី និង សេក សាបឿន ពីរនាក់ប្ដី-ប្រពន្ធរូបនេះ បានឱ្យដឹងទៀតថា ដោយអនុវត្តខុសការណែនាំរបស់លោកអភិបាលក្រុង និងអយុត្តិធម៌ មកលើរូបលោក, លោកក៏បានប្តឹងទៅអភិបាលក្រុងស្វាយរៀងម្តងទៀត សុំឱ្យចុះមកពិនិត្យដោះស្រាយ ក៏ប៉ុន្តែជាង១ឆ្នាំមកហើយ ពុំទាន់ដោះស្រាយបញ្ចប់នៅឡើយ, ហើយលោកអភិបាលក្រុង បានប្រាប់គាត់ថា (លោកលី) នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកនឹងចាត់លោកអភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង និងសមត្ថកិច្ចពាក់ពន្ធ័ចុះមកដោះស្រាយ ក៏ប៉ុន្តែ ក្រុមការងារសមត្ថកិច្ចបានមកដល់នៅវេលាម៉ោង១០ព្រឹក រៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សាររួចហើយ លុះមកដល់ទីតាំងតូបដែលមានទំនាស់ បែរជាមិនដោះស្រាយ ក៏នាំគ្នាចេញទៅក្រៅវិញអស់រលីង, នៅថ្ងៃបន្តបន្ទាប់មកទៀត ឃើញកម្លាំងសន្តិសុខផ្សារ ដឹកនាំដោយឈ្មោះ ម៉ន បានមកចាប់គ្រវែងអីវ៉ាន់លក់ដូររបស់គាត់ចេញពីទីធ្លាអាស្រ័យផល ទើបគាត់សំណូមពរសុំឲ្យអាជ្ញាធរក្រុង មេត្តាចុះដោះស្រាយ និងប្រគល់ទីធ្លាអាស្រ័យផលលំនាំចាស់ ទំហំ ២ម៉ែត្រ × ៦ម៉ែត្រ មកឱ្យគ្រួសារគាត់បានលក់ដូរឡើងវិញ, ហេតុម្ដេច ក៏ដេញគាត់ចេញ បែរជាទុកឱ្យអ្នកលក់ដូរផ្សេងៗមកលក់លើទីតាំងនេះទៅវិញ… បែបនេះ មិនប្រើអំណាចឈ្នានីស ធ្វើទុក្ខបុកម្នេញគេទៅហើយទេ?!៕ ពិសិដ្ឋ CEN