ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានបានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន៣គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិបរទេស) កំពុងកង់បីឥណ្ឌាតែមិនបានសម្រេចត្រង់ចំនុចមុខអាគារវឌ្ឍនៈ។
ភ្លាមនោះកម្លាំងជំនាញបានធ្វើការប្រដេញឃាត់បានជនសង្ស័យបានចំនួន០៣នាក់នៅចំណុចស្តុបចំការមន ផ្លូវព្រះនរោត្តមកែងផ្លូវសម្តេចសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួមមាន៖
១៖ ឈ្មោះ ដន ចាន់ឌេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ទីកន្លែងស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២៖ ឈ្មោះ វង្ស តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣៖ ឈ្មោះ ឌៀវ ថាវិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ តូម បានជិះរត់គេចខ្លួនបាត់។
សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-6324(របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LD-5640(របស់ជនសង្ស័យ)។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី