Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ក្រុមហ៊ុន​ណា​មក​មុន នឹង​ទទួលបាន​សិទ្ធិ ក្នុង​ការវិនិយោគ​មុន​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្រាក់​គណៈប្រតិភូ​សហព័ន្ធ​ពាណិជ្ជករ​ចិន​ទាជីវ​សកល ថា ក្រុមហ៊ុន​ណា​មក​មុន នឹង​ទទួលបាន​សិទ្ធិ ក្នុង​ការវិនិយោគ​មុន ដោយ​កម្ពុជា​មិន​រង់ចាំ ការវិនិយោគ ពី​បណ្តា​ប្រទេស​ណាមួយ​នោះ​ទេ​។​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក ថ្ងៃ​អង្គារ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​គណៈប្រតិភូ​ពាណិជ្ជករ​ចិន​ទាជីវ​សកល ដឹកនាំ​ដោយ​លោក លី ស៊ុង​ជាន ។​

​នៅក្នុង​ជំនួប​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្រាប់​គណៈប្រតិភូ ពី​ភាព​ជោគជ័យ នៃ​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​ជា​លទ្ធផល​ប្រវត្តិសាស្ត្រ ដែល​គណបក្ស​ប្រជាជន​ទទួលបាន​អាសនៈ​១២៥ លើ​១២៥ នៅក្នុង​រដ្ឋសភា​។ សម្តេច​តេជោ បាន​បន្ថែមថា ការទទួល​បាន​ភាពជោគជ័យ​នេះ ដោយសារតែ​មាន​ការកែ​ទម្រង់​សព្វបែបយ៉ាង មាន​ជាអាទិ៍ គឺ​កំណែទម្រង់​លើ​វិស័យ​ដីធ្លី ដែល​រាជរដ្ឋាភិបាល បានបញ្ចប់ ដែល​ភាគច្រើន​ជា​ជម្លោះ​រវាង​បុគ្គល​និង​បុគ្គល មិនមែន​រាជរដ្ឋាភិបាល ជាមួយ​ប្រជាជន​ទេ វិស័យ​អប់រំ វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង​ការយកចិត្តទុកដាក់ ទៅលើ​ប្រជាជន​ជាដើម​។​

​គណៈប្រតិភូ​នេះ មួយចំនួន​បាន​មក​វិនិយោគ នៅ​កម្ពុជា​រួចរាល់​ហើយ ហើយ​មួយចំនួន​ទៀត កំពុង​សំឡឹងមើល រក​ការវិនិយោគ​នៅ​កម្ពុជា ដូច្នេះ​គេ​ចង់ដឹង​ពី​សក្តានុពល​របស់​កម្ពុ​ជា ចង់ដឹង​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​, ដូច្នេះ សម្តេច​តេជោ បាន​ប្រាប់​ពី​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល បាន​ផ្តោត​ការយកចិត្តទុកដាក់ សម្រាប់​ការអភិវឌ្ឍ​ប្រទេស​តទៅទៀត គឺ​វិស័យ​អាទិភាព​ទាំង​៤ គឺ​មនុស្ស ផ្លូវ ភ្លើង និង​ទឹក ដែល​កម្ពុជា នៅតែ​ត្រូវការ​រហូតដល់​២០​ឬ​៣០​ឆ្នាំ ត​ទៅ​មុខ​ទៀត ដូច្នេះ​អ្នកវិនិយោគ អាច​ស្វែងរក​ការ​វិនិ​យោគ​ទាំង​៤​នេះ ដើម្បី​វិនិយោគ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោបាន​ស្វាគមន៍ ទៅលើ​ការបើក​សាកលវិទ្យាល័យ វិស័យ​ផ្លូវថ្នល់ និង​ថាមពលអគ្គីសនី​។ សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ណា​មក​មុន នឹង​ទទួលបាន​សិទ្ធិ​ក្នុង​ការវិនិយោគ​មុន ដោយ​កម្ពុជា​មិន​រង់ចាំ ការវិនិយោគ ពី​បណ្តា​ប្រទេស​ណាមួយ​នោះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​វិញ សម្តេច​តេជោ​រំពឹងថា ភ្ញៀវទេសចរ​ចិន នឹង​កើនឡើង​ជា​បន្តបន្ទាប់​ទៀត រហូតដល់​២​លាន​នាក់ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ នៃ​ការតភ្ជាប់​ហោះហើរ​ត្រង់ រវាង​ទីក្រុង និង​តំបន់​នានា​របស់​ចិន មក​កាន់​កម្ពុជា​។​

​គណៈប្រតិភូ​ចិន បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​កម្ពុជា ហើយក៏​បាន​កោតសរសើ​រ និង​បង្ហាញ​ពី​ទំនុកចិត្ត ដោយ​សារ​ការដឹកនាំរ​បស់​សម្តេច​តេជោ ដែល​ធ្វើ​ឲ្យ​នយោបាយ​មាន​ស្ថិរភាព មាន​ច្បាប់​ត្រឹមត្រូវ ជាពិសេស​នោះ គឺ​ចំណង​មិត្តភាព​កម្ពុជា​-​ចិន កាន់តែ​រឹងមាំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ គណៈប្រតិភូ​ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ ដែល​សម្តេច​តេជោ បានអនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​បាន​ស្តាប់​នូវ​អនុសាសន៍ និង​បទឧទ្ទេសនាម ប្រកប​ដោយ​ខ្លឹមសារ ជា​បទពិសោធន៍​មួយ អាច​ជា​មេរៀន ហើយក៏​បាន​គោរព​ជូនពរ និង​គាំទ្រ​សម្តេច​តេជោ មិន​ត្រឹមតែ​បន្ត​ដឹកនាំ​ប្រទេស​១០​ឆ្នាំ ដូច​សម្តេច​មានប្រសាសន៍​នោះទេ គឺ​សូម​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស បានយូរ​ត​ទៅ​មុខ​ទៀត​៕​ ​ដោយ ​៖ ​កូឡាប​

   

×