ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណដល់កម្មករ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបោះឆ្នោតកន្លងមកដែលបង្ហាញពីការចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ជាពិសេស គឺបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។
ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ ១៤៧៩៩នាក់ នៅតំបន់រោងចក្រផ្លូវវេងស្រេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេសបានចេញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា បើទោះបីមានការរារាំងពីក្រុម ដេកផ្ទះឈ្នះឯង។
នៅព្រឹកនៅ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៤៧៩៩នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កិច្ចសំណេះសំណាលនេះធ្វើឡើង នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ បានថ្លែងថា ការបោះឆ្នោតរបស់គាំទ្រគណបក្សប្រជាជនកម្ពុជារបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺបានបង្ហាញឲ្យឃើញពីការគាំទ្រនូវ សុខសន្តិភាពរបស់ប្រទេសមួយនេះ ព្រោះពួកគេបានដឹងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះអាចឈរជើងការពារនូវសុខសន្តិភាពដែលកំពុងមាននៅកម្ពុជា។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍ត្រូវគិតដល់កត្តាផ្សេងៗទៀត ដែលអាចនាំឲ្យមានការចាកចេញរបស់ថៅកែរោងចក្រ។ សម្តេចតេជោថា សន្តិភាពជារឿងធំ តែការប្រកួតប្រជែងទីផ្សារការងារជាមួយប្រទេសដទៃទៀត ក៏ត្រូវតែគិតផងដែរ ដូចជាប្រទេសបង់ក្លាដេសប្រាក់បៀវត្សរ៍ ៦៧ដុល្លារ, ស្រីលង្កា ៦៧ដុល្លារ, ឥណ្ឌា ៦៧ដុល្លារ ដល់១៤០ដុល្លារ, មីយ៉ាន់ម៉ា ១០៨, ឥណ្ឌូណេស៊ី ១០៧ដុល្លារ ដល់ ២៦០ដុល្លារ…។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រី ចង់ឲ្យមានការពិចារណាក្នុងការដំឡើងប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ពោលមិនត្រូវគិតតែពីការទាមទារប្រាក់ឈ្នួលខ្ពស់ឲ្យថៅកែរោងចក្រ រកស៊ីមិនចំណេញហើយដករោងចក្រចេញពីកម្ពុជាទៅកាន់ប្រទេសដទៃនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុខទុក្ខកម្មករ កម្មការិនី ជាសុខទុក្ខរបស់សម្តេច ហើយគ្មានមេដឹកនាំប្រទេសណាចង់ដឹកនាំប្រទេសឲ្យមានភាពក្រីក្រនោះទេ។ សម្តេចបានដឹកនាំប្រទេសនេះដោយចាប់ផ្តើមពីស្ថានភាពដ៏លំបាក ប្រជាពលរដ្ឋមានត្រឹម ៥លាននាក់ មកដល់ ១៦លាននាក់នាពេលបច្ចុប្បន្ន ជាមួយជីវភាពមួយល្អប្រសើរ។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រៅប្រព័ន្ធមកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យបុគ្គលិក និយោជិតទទួលបានអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ អ្វីដែលសម្តេចចង់បាន គឺសហគមន៍រោងចក្រសុខសាន្ត គឺថៅកែរោងចក្រ និងកម្មករ កម្មការិនីត្រូវចេះសហការគ្នាបង្កើតភាពសុខដុមក្នុងរោងចក្រ ព្រោះភាគីទាំងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ មូលហេតុដែលនាំឲ្យសម្តេចត្រូវតែបន្តចុះជួបកម្មករ កម្មការិនីនោះ ព្រោះតែបន្ទាប់ពីមានជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថៅកែ ប្រធានរដ្ឋបាល ប្រធានផ្នែកកន្លងមកនេះ គឺមិនមានបាតុកម្មខុសច្បាប់កើតឡើងទៀតនោះទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបើកប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនីចាប់ពីឆ្នាំ២០១៩នេះទៅ នឹងមិនបើកប្រាក់ឈ្នួលប្រចាំខែទៀតទេ គឺនឹងបើកប្រាក់ប្រចាំសប្តាហ៍ម្តង គឺបើកពីរសប្តាហ៍ម្តង។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ថៅកែរោងចក្រឲ្យកែលំអហេដ្ឋារចនាសម្ព័ន្ធនៅតាមរោងចក្រឲ្យកាន់តែល្អប្រសើរ ដូចជាការរៀបចំឲ្យមានការបរិភោគអាហារ និងកន្លែងផ្តល់សេវាសុខភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានរួមសុខទុក្ខជាមួយប្រជាពលរដ្ឋហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅមុខ បន្តទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ចាប់ពីដើមឆ្នាំ២០១៩ តទៅ កម្ពុជានឹងចាប់ អនុវត្តការបើកប្រាក់ខែជាប្រចាំ ២សប្តាហ៍ម្តង សម្រាប់បងប្អូនកម្មករព្រមទាំងមន្ត្រីរាជការរួមទាំង វិស័យឯកជនផងដែរ៕ ដោយ ៖ កូឡាប