រាជធានីភ្នំពេញ : ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត៖
ល្អណាស់ ០-៥០, ល្អ ៥១-១០០ , មធ្យម ១០១-១៥០,បង្គួរ ១៥១-២០០ , ខ្ពស់ ២០១-៣០០ , ខ្ពស់ខ្លាំង ៣០០-៥០០
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖
បន្តតាមដានស្ត តាមដានស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ
ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក
កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាសដែលអាចទប់ស្កាត់ភាគល្អិតនិចល PM2.5 ក្នុងករណីចាំបាច់ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ
ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួង សុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី