បន្ទាយមានជ័យ: នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មានករណីធ្វើឱ្យខូចខាតដោយចេតនា បង្កដោយជនសង្ស័យឈ្មោះ ដោក សារ៉េត ហៅក្រៅ ហៀក ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានគប់ដំបូលផ្ទះ និងវ៉ៃបំផ្លាញពាងទឹក របស់ជនរងគ្រោះឈ្មោះ ដុំ ចិត្រ ភេទប្រុស អាយុ៥៩ឆ្នាំ និងឈ្មោះ អយ ភេទស្រី អាយុ២៨ឆ្នាំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះដោក សារ៉េត (ហៀក) អស់ជាច្រើនពាងទឹក។
ក្រោយទទួលបានបណ្តឹងករណីខាងលើ កម្លាំងកងអន្តរាគមន៍ខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ទោ ឃី កៅយក់ នាយរងការិយាល័យសណ្តាប់ធ្នាប់ និងអន្តរាគមន៍ សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានចុះទៅដល់ទីតាំងកើតហេតុដេីម្បីធ្វេីការឃាត់ខ្លួនជនសង្ស័យ តែជនសង្ស័យមិនព្រមសហការ ព្រមទាំងមានកាន់ដំបងឬស្សីវែងមានដែកមុខស្រួច៣ កាន់ជាប់នឹងដៃ ហើយមានការតបតជាមួយសមត្ថកិច្ចទៀតផង ពេលនោះកម្លាំងប្រេីវិធានការជំនាញទេីបឃាត់ខ្លួនជនសង្ស័យបាន ហើយបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដេីម្បីចាត់ការតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមជាលទ្ធផលវិជ្ជមាន (+)។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានកា រសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី