ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសបុរសជនជាតិចិនមួយរូប ដែលបើកបររថយន្តបង្កជាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរ៉ឺម៉កស្លាប់ម្នាក់ នៅម្តុំស្តុបផ្សារពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស គ្នីគ្នា មិនប្រុងប្រយ័ត្ន និងមិន គោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ កើតហេតុនៅលើវិថីឯករាជ្យ ចំណុចស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៥ និង ៥៥នាទី បង្កឡើងដោយឈ្មោះ YANG FENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន បើកបររថយន្ត ម៉ាក MERCEDES MAYBACH S650 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BD-9689 មានអ្នករួមដំណើរ ២នាក់ ឈ្មោះ HU CHANG XU ភេទប្រុស ជនជាតិចិន និងឈ្មោះ NGUYEN THI THUY LINH ភេទស្រី ជនជាតិវៀតណាម, ចេញពីខារ៉ាអូខេ ហួងគ័ន ម្តុំកែងអិលវី គោលដៅទៅកន្លែងស្នាក់នៅលើភ្នំសាយហាក់ ធ្វើដំណើរតាមវិថីឯករាជ្យ មានទិសដៅពីកើត ទៅលិច។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដោយរថយន្តបើកបរក្នុងល្បឿនលឿន បានទៅបុកពី ក្រោយម៉ូតូ ១គ្រឿង ម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ មានសណ្តោងរ៉ឺម៉ក បើកដោយឈ្មោះ វ៉ាយ សៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ក្នុងទិសដៅស្របគ្នា ធ្វើឱ្យឈ្មោះ វ៉ាយ សៅ ខ្នាតចេញពីចំណុចបុកមានចម្ងាយ ៤៩,៧០ ម៉ែត្រ បណ្តាលឱ្យឈ្មោះ វ៉ាយ សៅ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ, ចំណែកឈ្មោះ YANG FENG ជាអ្នកបើក បររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើតេស្តជាតិអាល់កុល រកឃើញអត្រាជាតិអាល់កុលចំនួន 1,30mg/L (មីលី ក្រាមក្នុងមួយលីត្រខ្យល់) រួចកសាងសំណុំរឿងបញ្ជូនមក អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការ តាមនីតិវិធី។
ក្រោយពីតំណាងអយ្យការ បានពិនិត្យសំណុំរឿងនេះ ព្រមទាំងពិនិត្យភស្តុតាង និងឯកសារនានា ដែលបាន កសាងឡើងដោយមន្ត្រីនគរបាលយុត្តិធម៌រួចមក ចំពោះអង្គហេតុករណីគ្រោះថ្នាក់ចរាចណ៍ខាងលើ អយ្យការអម សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចបើកការចោទប្រកាន់លើឈ្មោះ YANG FENG ពីបទៈ បើកបរដោយ ធ្វេសប្រហែស គ្នីគ្នា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ កថា ខណ្ឌទី ១ និងកថាខណ្ឌទី ២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៨២ អ.យ.១/២៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី