Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បញ្ជាក់​ពី​គម្រោង​នៃ​ការហោះហើរ​ត្រង់ ពី​ឥណ្ឌា​មក​កាន់​កម្ពុជា​

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប លោកជំទាវ ស៊ុស​ម៉ា ស្វា​រ៉ា​ច (Sushma Swaraj) រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​។​

​នៅក្នុង​ជំនួប​នេះ លោកជំទាវ បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លទ្ធផល​បោះឆ្នោត​របស់​កម្ពុជា នា​ពេល​កន្លង​ទៅ​ថ្មីៗ​។ លោកជំទាវ​បាន​មានប្រសាសន៍ថា ឥណ្ឌា​បាន​បញ្ជូន អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាច្រើន​នាក់ មក​កាន់​កម្ពុជា ហើយ​បាន​ឃើញ​នូវ​ដំណើរការ​បោះឆ្នោត​មួយ ដែល​មាន​ភាពសេរី យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​។​

​លោកជំទាវ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា បាន​សង្កេត​ឃើញ​ផង​ដែរ​ថា កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង​។ លើស​ពី​នោះ​ទៅ​ទៀត កម្ពុជា​ក៏​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ នូវក្នុង​ការសម្រេច​គោលដៅ​សហស្សវត្សរ៍ ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។ លទ្ធផល​ទាំងនេះ គឺ​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ទុកចិត្ត និង​លទ្ធផល នៃ​ការបោះឆ្នោត របស់​ប្រជាជន​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោកជំទាវ ក៏​បាន​ជម្រាបជូន​សម្តេច​តេជោ អំពី​កិច្ច​ពិភាក្សា​ជាមួយ នឹង​ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ អំពី​គម្រោង​នៃ​ការហោះហើរ​ត្រង់ ពី​ឥណ្ឌា​មក​កាន់​កម្ពុជា និង​គម្រោង​ទទួលផល​ឆាប់រហ័ស​ផង​ដែរ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ ដែល​បាន​អបអរសាទរ លទ្ធផល​នៃ​ការបោះឆ្នោត​កម្ពុជា ហើយក៏​បាន​ជម្រាបជូន​យ៉ាង​សង្ខេប ពី​ដំណើរការ​បោះឆ្នោត និង​ប្រវត្តិ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ រដ្ឋាភិបាល​ឥណ្ឌា ដែល​តែងតែ​ជួយ​ដល់​កម្ពុជា​កន្លងមក តាមរយៈ​ការផ្តល់​ជំនួយ ជាពិសេស​នៅពេល​ដែល​កម្ពុជា ទើបតែ​រំដោះ​ចេញពី របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មួយ ដែល​ទទួលស្គាល់​កម្ពុជា​ដំបូង​គេ​បង្អស់​។​

​សម្តេច​តេជោ ក៏​បាន​សម្តែង​នូវ​ការស្វាគមន៍ លើ​កិច្ច​ពិភាក្សា​របស់​លោកជំទាវ ជាមួយនឹង​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា អំពី​ការហោះហើរ​ត្រង់ និង​គម្រោង​ទទួលផល​រហ័ស​។ សម្តេច​បាន​មានប្រសាសន៍ថា គម្រោង​ទទួលផល​រហ័ស​នេះ គឺ​ជួយ​ដោះស្រាយ​ត្រង់​ដល់​ប្រជាជន​កម្ពុជា​តែម្តង ជាពិសេស​នៅពេល​ដែល​កម្ពុជា កំពុង​មាន​គ្រោះ​ទឹកជំនន់ ដូច​ពេល​បច្ចុប្បន្ន​នេះ​។ គម្រោង​នេះ អាចជួយ ក្នុង​ការស្តារ​អណ្តូងទឹក​, ការផ្តល់​គ្រាប់​ពូជ និង​ការជួសជុល​សាលារៀន មន្ទីរពេទ្យ​ជា​ដើម ដែល​បាន​ទទួល​រង​គ្រោះ​ទឹកជំនន់​នោះ​៕ ដោយ​៖​កូឡាប​

×