ត្បូងឃ្មុំ ៖ លោក គី ប្ញទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានចេញដីការបន្តឃុំខ្លួន លោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល៦ខែទៀតតាមនីតិវិធី បើតាមលោក គី ប្ញទ្ធី មិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីសម្រេចថា ពន្យារពេលឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀតបន្ទាប់ពីការ ពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់ ដោយសារតែកាលពីខែមីនា ឆ្នាំ២០១៨នោះ សាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។
សវនាការនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះ ដឹកនាំដោយ ចៅក្រមស៊ើបសួរ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ មេធាវីទាំង៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏មានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។
ក្នុងសវនាការពេញមួយព្រឹកនេះ ក៏មានការដាក់កម្លាំងសមត្ថកិច្ចទាំងបីប្រភេទយ៉ាងច្រើន និងដាក់បារ៉ាស់បិទផ្លូវ និងមានការឆែកឆេរ យើងតឹងរ៉ឺង ដើម្បីទប់ស្កាត់ការតវ៉ាប្រឆាំង ពីក្រុមអ្នកស្ម័គ្រនឹងលោកកឹម សុខា។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ក្បត់ជាតិ។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ៕ ដោយ ៖ បញ្ញាស័ក្តិ