Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ បានចេញសេចក្តីណែនាំអំពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមសាលារដ្ឋ និងឯកជន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំអំពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមសាលារដ្ឋ និងឯកជន។

សេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចតទៅ៖

១៖ ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ
២៖ ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ
៣៖ ត្រូវបញ្ជាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ
៤៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”
៥៖ ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់និងទទួលព័ត៌មាន នានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី
៦៖ ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា
៧៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការ អនុវត្តប្រកាសលេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់ គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី