ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដឹកនាំដោយឯកឧត្តម អ៊ិត វិជិត ជានាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ ឯកឧត្តម នាយកប្រតិបត្តិ បានជម្រាបជូនពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងផែនការយុទ្ធសាស្រ្តរបស់ ក.ផ.ផ. សម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ព្រមទាំងបានបញ្ជាក់ជូនពីភាពប្រទាក់ក្រឡាជាច្រើនក្នុងការអភិវឌ្ឍវិស័យនេះ ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។
ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានគាំទ្រដល់ការលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយលើទីផ្សារអន្តរជាតិ។ ក្នុងន័យនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចងក្រងទិន្នន័យឱ្យបានគ្រប់គ្រាន់ ដើម្បីវិភាគពីឥរិយាបថចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ និងផ្សព្វផ្សាយឱ្យចំទីផ្សារគោលដៅ។ លោកជំទាវ ក៏បានរំលេចពីការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ ដែលជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់ទាក់ទាញក៏ដូចជាសម្រួលដល់ភ្ញៀវទេសចរក្នុងការទូទាត់ផងដែរ ។
ធនាគារជាតិនៃកម្ពុជាបានបង្កើត Bakong tourist App ដើម្បីសម្រួលដល់ការទូទាត់របស់ទេសចរណ៍នៅប្រទេសកម្ពុជា និង បានស្នើសុំឲ្យ CTB ជួយសហការផ្សព្វផ្សាយ។ ទន្ទឹមនេះដែល យើងក៏ជួយប្រមូលទិន្នន័យពាក់ព័ន្ធវិស័យទេសចរណ៍ ជាពិសេសការធ្វើអង្កេតពី ចំណូលពីភ្ញៀវទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ CTB ក្នុងការរៀបចំគោលនយោបាយចំទិសដៅ ។ ធនាគារជាតិនៃកម្ពុជាក៍បានលើកទឹកចិត្តនិងផ្តល់លក្ខខណ្ឌអនុគ្រោះមួយចំនួនដល់គ្រិះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីផ្តល់ឥណទានក្នុងតម្លៃសមរម្យ ដល់វិស័យទេសចរណ៍
បន្ថែមលើនេះ លោកជំទាវ ក៏បានលើកឡើងពីការរួមចំណែករបស់ប្រព័ន្ធធនាគារក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់ឥណទាន ក៏ដូចជាការរៀបចំឥណទានឡើងវិញសម្រាប់វិស័យនេះ។ ម្យ៉ាងវិញទៀត ការដាក់ឱ្យដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ និងគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខ គឺជាការចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/85c49cb89d9c6590d81d7ba36c77de5e-1024x886.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/1025bbd4384f92886f65e990948c9776-1024x875.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a9f24bc69d97d3825a29c3095887c790-1024x802.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5ba268f0a7ff37fac798831f4abb534f-1024x884.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/083f9c0577477d180914f036f94e9399-1024x750.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/065f4ae798b8aa4753243b744f161d6a-1024x762.jpg)