Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបាន​ជោគជ័យ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​២ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​

​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​២ របស់​កម្ពុជា នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​ថ្ងៃទី​២ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​បានបញ្ចប់​កិច្ចប្រជុំ​នេះ​ដោយ​ជោគជ័យ និង​ទទួលបាន​ការកោតសរសើ​រ ព្រមទាំង​មានការ​វាយតម្លៃ​ខ្ពស់​ពី​បណ្តា​សមាជិក​ចូលរួម​។​


​នៅក្នុង​កិច្ចប្រជុំ​ការត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​២ របស់​កម្ពុជា មាន​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួមទាំង​តំណាង​ប្រទេស​អាស៊ាន តំណាង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​តំណាង​អង្គការ​អន្តរជាតិ​នានា បានកត់សម្គាល់ និង​សំដែង​ការកោតសរសើរ​ចំពោះ​វឌ្ឍនភាព​របស់​កម្ពុជា ក្នុងការ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច និង​ការរក្សាបាន​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុងអំឡុងពេល​ត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​២ របស់​កម្ពុជា​។​
​លោក​ប៉ាន សូរ​ស័ក្តិ បាន​សំដែង​ការ​អរគុណ​ចំពោះ​លោកស្រី Frances Mary Lisson អគ្គរដ្ឋទូត​អូស្ត្រាលី ដែលជា​អ្នកបើក​កិច្ចពិភាក្សា បណ្តា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍ ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​កម្ពុជា ក្នុង​កិច្ចការ​អភិវឌ្ឍន៍ និង​ការរក្សា​ទំនាក់ទំនង​ល្អ​របស់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​។​


​ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋមន្ត្រី បានធ្វើ​កិច្ច​អន្តរាគមន៍​ចំពោះ​បញ្ហា​មួយចំនួន​ដែល​លើកឡើង​ដោយ​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួមមាន ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច ការបង្កើន​ភាព​ប្រកួតប្រជែង កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​អភិបាលកិច្ច​ល្អ ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច (​ដូចជា​អត្រាពន្ធគយ ការធ្វើ​លទ្ធកម្ម​សាធារណៈ និង​បំណុល​សាធារណៈ​ជាដើម​) និង​វឌ្ឍនភាព​នៃ​ការបង្កើត​បទ​ប្បញ្ញត្តិ​ច្បាប់​មួយចំនួន​ដែលជា​ការសន្យា​របស់​ក​ម្ពុ​ជា ស្របតាម​អភិក្រម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​
​ជាមួយគ្នានេះ​ផងដែរ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជា​សក្ខីភាព​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​នឹង​ជួយ​ជ្រោមជ្រែង​បន្ថែម​ដល់​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ចការ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ពិសេស​ការបំពេញ​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​សម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​


​លោក Juan Carlos Gonzalez អគ្គរដ្ឋទូត​ប្រទេស​កូ​ឡុំ​ប៊ី និង​ជា​ប្រធាន​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​បានជា​វិជ្ជមាន​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​កម្ពុ​ជាក​ន្ល​ង​មក​។ ទន្ទឹមនឹងនេះ លោក​ប្រធាន​អង្គប្រជុំ​ក៏​ជម្រុញ​ឲ្យ​កម្ពុជា​បន្ត​កិច្ច​ការដែល​កំពុង​ធ្វើ និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បន្ថែមទៀត ពិសេស​តាម​ការស្នើសុំ​របស់​សមា​ជិ​ក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​លើកកម្ពស់​តម្លាភាព​ក្នុង​របប​ពាណិជ្ជកម្ម និង​អនុលោមភាព​ស្របតាម​គោលការណ៍​ដែល​មានចែង​ក្នុង​បទដ្ឋាន​អន្តរជាតិ​ដែល​កម្ពុជា​បាន​ចូល​ជា​ភាគី​ហត្ថលេខា​។​
​បន្ថែម​លើសពីនេះ​ផងដែរ លោក​ប្រធាន​អង្គប្រជុំ សរុប​បញ្ជាក់ថា ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាច្រើន​ដែល​ចូលរួម បាន​សំដែង​ការ​សារ​ទរ​ចំពោះ​សមិទ្ធផល​របស់​កម្ពុជា ដែល​កើតចេញពី​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​នានា រួមមាន គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១២-២០២០ ជាដើម​។​


​ជាងនេះទៀត តំណាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក៏បាន​ទទួលស្គាល់​ចំពោះ​ការរីកចំរើន​នៃ​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ព្រមទាំង​បង្ហាញ​ការកោតសរសើរ​ចំពោះ​ការខិតខំ​របស់​កម្ពុជា​ក្នុងការ​អនុវត្ត​ច្បាប់​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា ព្រមទាំង​ការបន្ត​អនុម័ត និង​អនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​។​
​ជា​ចុងបញ្ចប់ កិច្ចប្រជុំ​ការត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី​២ របស់​កម្ពុជា​បានបញ្ចប់​ទៅដោយ​ភាពជោគជ័យ និង​ប្រកបដោយ​ការទទួលស្គាល់​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​៕​​ដោយ​៖​បញ្ញា​ស័ក្តិ​

×