ភ្នំពេញ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានជំនុំជម្រះលើសំណុំរឿង សកម្មជនសហគមន៍បឹងកក់បួននាក់រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ដែលត្រូវបានសាលាឧទ្ធរណ៍ផ្ដន្ទាទោសពី “បទប្រមាថ” និង “បទប្រឆាំងនឹងអ្នករាជការសាធារណៈដែលមានស្ថានទម្ងន់ទោស”។
ប្រសិនបើតុលាការកំពូល សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ
ស្ត្រីទាំងបួននាក់ ប្រឈមនឺងការផ្ដន្ទាទោសដាក់ពន្ធនាគារ៦ខែ ផ្អែកតាមបញ្ញត្តិមាត្រា៥០២និងមាត្រា៥០៤នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការតវ៉ារឿងដីធ្លីកាលពីឆ្នាំ២០១១ នៅខាងមុខសាលារាជធានីភ្នំពេញ។ អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួននិងឃុំខ្លួន តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ហើយអ្នកស្រីកំពុងរង់ចាំសវនាការបណ្ដឹងសារទុក្ខ ពាក់ព័ន្ធនឹងការផ្ដន្ទាទោសក្នុងសំណុំរឿងផ្សេងមួយទៀត។
មេធាវី និងសាក្សីដាក់បន្ទុករបស់ភាគីដើមបណ្ដឹង មិនបានបង្ហាញវត្តមាននៅតុលាការទេ ដែលជាហេតុធ្វើឱ្យអ្នកទាំងបី (អ្នកស្រី ហេង មុំ អវត្តមាន) គ្មានឱកាសជជីកសួរដេញដោលបាន។
សាលដីកាតុលាការកំពូលនឹងត្រូវប្រកាស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។ដោយ៖បញ្ញាស័ក្តិ