ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នាព្រឹកថ្ងៃពុធ ទី១៩ កុម្ភៈ ២០២៥ ថា “រៀនពីគ្រប់កន្លែង រៀនរហូត រៀនមួយជីវិត” ដោយត្រូវរៀនធ្វើជាអ្នកទទួលខុសត្រូវ និងចិញ្ចឹមជីវិត រៀនចប់ គឺត្រូវទៅបំពេញការងារ និងទទួលខុសត្រូវក្នុងការងារ និងរួមចំណែកបម្រើសង្គមជាតិ។ ឧទាហរណ៍ជាក់ស្តែង នៅពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរៀបចំការដាក់ឱ្យសាកល្បងផ្លូវដើរនៅមុខព្រះបរមរាជវាំង គឺមានការចូលរួម និងគាំទ្រខ្លាំងពីប្រជាជន ដូចនេះសបញ្ជាក់ច្បាស់អំពីកត្តាប្រែប្រួលនៃការរស់នៅ និងភាពស៊ីវីល័យរបស់ប្រជាពលរដ្ឋ និង បង្ហាញពីការប្រែប្រួលរបស់ប្រជាជន ស្របតាមតម្រូវការ និងលទ្ធភាពដែលមាន។
ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះមនុស្សដែលមានទេពកោសល្យពីកំណើត តែមិនទាន់ទទួលបានការបណ្តុះបណ្តាលតាមសាលារៀន និងសញ្ញាបត្រ ដើម្បីអាចទទួលបានឱកាសចូលបម្រើការការងារ ព្រោះថា ការខិតខំពង្រីកសក្តានុពលជូនប្រជាពលរដ្ឋ គឺមានសារៈសំខាន់ណាស់សម្រាប់ការងារទៅថ្ងៃមុខ គេនឹងគិតពីស្តង់ដារ ដោយត្រូវបង្កើតឱកាសការងារភ្ជាប់នឹងតម្រូវការ។ ដូចនេះ ត្រូវពិនិត្យ និងរៀបចំជួយពង្រឹងបន្ថែម ហើយបណ្តុះបណ្តាលដល់ពួកគាត់ក្នុងការចាប់យកឱកាស ទទួលបានសញ្ញាបត្រ ដោយត្រូវឆ្លងកាត់ការវាយតម្លៃច្បាស់លាស់ សំដៅធានា និងបង្កលក្ខណៈក្នុងការចាប់យកអាជីព និងការងារកាន់តែល្អប្រសើរ។
ពាក់ព័ន្ធនឹងកិច្ចការព្រំដែន, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា “សូមកុំយករឿងនយោបាយ មកលូកលាន់ក្នុងកិច្ចការបច្ចេកទេស” ដោយត្រូវទុកឱ្យអ្នកបច្ចេកទេសធ្វើការ និងដោះស្រាយ ហើយយកមូលដ្ឋានច្បាប់ជាគោល ដើម្បីដោះស្រាយលើកិច្ចការព្រំដែន។ រឿងព្រំដែន មិនមែនជារឿងដែលងាយស្រួលដោះស្រាយនោះទេ, យើងគ្រប់គ្នាស្រឡាញ់ជាតិដូចគ្នា តែរាជរដ្ឋាភិបាលមានការទទួលខុសត្រូវបន្ថែមមួយទៀត គឺទទួលខុសត្រូវជាមួយប្រវត្តិសាស្ត្រ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការដោះស្រាយ និងយកជាមូលដ្ឋាន នូវឯកសារ, ផែនទី, ច្បាប់, សន្ធិសញ្ញាពាក់ព័ន្ធ និងការចាចា តែ “កម្ពុជារក្សាសិទ្ធិក្នុងការការពារអធិបតេយ្យដោយប្រើប្រាស់កម្លាំងយោធា ប្រសិនបើមានការឈ្លានពាន” ។
មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីករណីរឿងសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមានដាក់គម្របសៀវភៅស្តូបវិមានឈ្នះ ឈ្នះ ដោយសូមបងប្អូន និងអ្នកវិភាគទាំងអស់ ខិតខំស្វែងយល់ការពិត មុននឹងប្រតិកម្មតប ដែលអាចបង្កើតការយល់ច្រលំ និងមិនបានស៊ីជម្រៅជាមួយនឹងការពិតនៃប្រវត្តិសាស្ត្រកម្ពុជា។ កម្រងសៀវភៅប្រវត្តិថ្មី ដែលបានតាក់តែង និងកំពុងបង្រៀនដល់សិស្ស គឺសៀវភៅថ្នាក់ទី ៤ និយាយពីដំណាក់កាលសម័យបុរេប្រវត្តិសាស្ត្រកម្ពុជា, សៀវភៅថ្នាក់ទី៥ និយាយពីសម័យចតុមុខឆ្ពោះមកសម័យអាណានិគមនិយមបារាំង, សៀវភៅថ្នាក់ទី៦ និយាយពីសម័យសង្គមរាស្ត្រនិយម មកសម័យព្រះរាជាណាចក្របច្ចុប្បន្ន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមលម្អិតអំពីខ្លឹមសារសំខាន់ៗ ដែលសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមាន ៥ជំពូករួមមាន៖ ជំពូក ១ និយាយពីស្នាដៃអតីតព្រះមហាក្សត្រ ដឹងគុណព្រះបរមរតនកោដ្ឋ, ជំពូក ២ ជំនាន់សាធារណរដ្ឋខ្មែរ និយាយពីការបែកបាក់ និងធ្វើរដ្ឋប្រហារ, ជំពូក ៣ កម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាត ១៩៧៥-១៩៧៩, ជំពូក ៤ ការបង្កើតរបបថ្មីក្រោយពីផ្តួលរំលំប្រល័យពូជសាសន៍, ជំពូក ៥ ព្រះរាជាណាចក្រកម្ពុជាថ្មី និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អត្ថន័យនៃស្តូបវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលរបស់ខ្មែរ ដែលបង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់របស់ខ្មែរ ឈរលើ៖ ៧ជ្រុង គឺកត្តាជ័យជំនះទាំង៧ នៃនយោបាយឈ្នះ ឈ្នះ រួមមាន ទី១/ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជាអ្នកដឹកនាំបញ្ចប់សង្គ្រាម ទី២/តួនាទីរដ្ឋបាលកណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីតរដ្ឋកម្ពុជា គឺជាកម្លាំងស្នូល ទី៣/ តួអង្គដែលចូលរួមចំណែកសកម្មភាពជាប្រតិបត្តិករស្នូល ទី៤/ ការកសាងនូវជំនឿទុកចិត្ត និងការដែលមិនសងសឹកគ្នា ទី៥/ កត្តាមនោគមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ទី៦/ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧/ ការបែកបាក់របស់ខ្មែរក្រហម ៕រក្សាសិទ្ធដោយ៖សុទ្ធលី






