ភ្នំពេញ ៖ ករណីឃាតកម្មដែលបង្កឡើងដោយប្តីជាទាហាននៅកងអង្គរក្ស បានកាប់ប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ ដោយសារភ្លើងប្រច័ណ្ឌ និងរឿងលុយកាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាតករជាប្ដីឈ្មោះ ឈឹម បញ្ញាពិទូរ្យ អាយុ៤៣ឆ្នាំ មុខរបរកងអង្គរក្ស មានទីលំនៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ុង ស្រីនាង អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុ ពួកគេមានកូនប្រុស២នាក់ និងស្រី១នាក់ ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា កន្លងមក ប្ដីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាញឹកញាប់ ដែលផ្ដើមចេញពីភ្លើងប្រច័ណ្ឌ និងទំនាស់គ្នារឿងបញ្ហាលុយកាក់ក្នុងការរកស៊ីពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់។
នៅវេលាយប់រំលងអធ្រាត្រថ្ងៃកើតហេតុខាងលើ អ្នកទាំង២បានឈ្លោះប្រកែកគ្នា នៅក្នុងបន្ទប់ដេកម្ដងទៀតហើយ ប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ រួចគេចខ្លួនបាត់៕ រក្សាសិទ្ធដោយ៖សុទ្ធលី







