Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពលី បើកការដ្ឋានជួសជុលរួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត

សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency )បានរៀបចំពិធីប្រុងពលី តាមបែបជំនឿសាសនា សុំសេចក្តីសុខ ដើម្បីបើកការដ្ឋានជួសជុលអភិរក្សរួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ព្រមទាំងមន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា ពិធីប្រុងពលីតាមបែបសាសនា សុំសេចក្តីសុខសប្បាយ ដើម្បីបើកការដ្ឋានជួសជុលជំហានបន្ទាប់ ផ្នែកគ្រឹះខាងក្រោម នៅរួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត។ ឯកឧត្តមថា កន្លងមកអាជ្ញាធរជាតិអប្សរា បានជួសជុលស្ទើរតែគ្រប់ផ្នែកអស់ហើយ នៅរួតបាកាណអង្គរវត្តនេះ គឺនៅសល់តែមួយផ្នែកនៃជ្រុងឦសាននេះប៉ុណ្ណោះ ដែលសហការជាមួយភាគីកូរ៉េ ធ្វើការជួសជុលអភិរក្ស។ ឯកឧត្តម អគ្គនាយករង បានបញ្ជាក់ទៀតថា ក្នុងដំណើរការជួសជុលនេះ នឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ ដោយអាជ្ញាធរជាតិអប្សរា មិនបានបិទឬផ្អាកការទស្សនានៅរួតបាកាណនេះទាំងមូលឡើយ គឺបិទទីតាំងដោយផ្នែកៗ ជាជំហានៗនៃប្រតិបត្តិការការងារប៉ុណ្ណោះ។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរា បានគិតគូខ្ពស់ពីសុវត្ថិភាពរបស់ទេសចរ ដោយបានរៀបចំរនាំងការដ្ឋានដើម្បីសុវត្ថិភាពទាំងក្រុមការងារជួសជុល និងសុវត្ថិភាពទេសចរផង មានរៀបចំស្លាកសញ្ញាជូនដំណឹង ពីការជួសជុល ឬបង្វែការទស្សនាជាដើម។

លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោង បានឱ្យដឹងថា រដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ មានភាពរីករាយ ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលអភិរក្ស រួតបាកាណ ជ្រុងឦសាន នៃប្រាសាទអង្គរវត្ត ដោយភាគីកូរ៉េមានសេចក្តីសង្ឈឹមថា ការចាប់ផ្តើមនៃគម្រោងមួយនេះ នឹងធ្វើឱ្យសម្ពន្ធភាពរវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជា កាន់តែមានភាពល្អប្រសើរ។ លោកបញ្ជាក់ថា ភាគីកូរ៉េ និងអាជ្ញាធរជាតិអប្សរា តាំងចិត្តយ៉ាងមុតមាំ ក្នុងប្រតិបត្តិការជួសជុលរួតបាកាណនេះ គឺធានាឱ្យមានសុវត្ថិភាពទាំងកម្មករ ភ្ញៀវទេសចរ និងសោភ័ណភាពនៃប្រាង្គប្រាសាទ។

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាណ នៃប្រាសាទអង្គវត្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី