ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងរវាងរថយន្តសណ្តោង និងរថយន្តដឹកអ្នកដំណើរដឹកមនុស្សពេញមួយបើកលើផ្លូវហាយវ៉េ នារដ្ឋ New Mexico ធ្វើឲ្យមនុស្សយ៉ាងតិច ៧នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស ។

ករណីនេះកើតឡើងនៅផ្លូវហាយវ៉េ ៤០ រដ្ឋ New Mexico ជិតព្រំប្រទល់រដ្ឋ Arizona ល្ងាចថ្ងៃទី ៣០ ខែសីហា (ម៉ោងអាមេរិក) ។

រថយន្តដឹកអ្នកដំណើរ ៤៩នាក់ កំពុងឆ្ពោះទៅកាន់ Los Angeles រដ្ឋ California បានប៉ះទង្គិចនឹងរថយន្តសណ្តោង ។

ករណីនេះបណ្តាលឲ្យមនុស្ស ៧នាក់ ស្លាប់នៅនឹងកន្លែង និងច្រើននាក់រងរបួស ។ ABC News ឲ្យដឹងថា មានអ្នករងរបួសតិចបំផុត ៤០នាក់ បានត្រូវដឹកទៅកាន់មន្ទីរពេទ្យ និង ៦នាក់ផ្សេងទៀត ត្រូវបានព្យាបាលនៅនឹងកន្លែង ។

រថយន្តក្រុងត្រូវបុកខ្ទេចពាក់កណ្តាលជាង

មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត ។ តាមប្រភពនៅនឹងកន្លែងនោះ រថយន្តសណ្តោង ហាក់ដូចជាបានបែកកង់ ហើយស្ទុះមកចូលផ្លូវរបស់រថយន្តដឹកអ្នកដំណើរ បុកចំពីមុខតែម្តង ។

រូបភាពថតពីទីខ្ពស់ បង្ហាញឲ្យឃើញបំណែកខ្ទាតពាសពេញ ។

គ្រោះថ្នាក់នេះបង្ខំឲ្យត្រូវបិទផ្លូវហាយវ៉េ ៨ម៉ោង។

អាជ្ញាធរសុវត្ថិភាពគមនាគមន៍ជាតិ (NTSB) ក៏បានចាត់មន្ត្រីមួយក្រុមមកស៊ើបអង្កេតផងដែរ ។

អត្តសញ្ញាណអ្នកស្លាប់នឹងត្រូវបានប្រកាសបន្ទាប់ពីសាច់ញាតិរបស់គេទទួលបាន។

អ្នកដំណើរដែលរងរបួសត្រូវលូនចេញតាមបង្អួច ដើម្បីចេញមកក្រៅ ។


ក្បាលរថយន្តទាំង២ ត្រូវខ្ទេចខ្ទីគ្មានសល់ ។

ទីកន្លែងកើតហេតុ ៕ លីសា

