ភ្នំពេញ ៖ ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែកញ្ញានេះ បានផ្សព្វផ្សាយថា ក្នុងអំឡុងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសសហព័ន្ធរុស្សីកាលពីពេលថ្មីៗនេះ គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនាយទាហានជាន់ខ្ពស់មួយចំនួនទៀត បានអញ្ជើញទៅចូលរួមទស្សនាវេទិកាពិព័រណ៍បច្ចេកទេសយោធា អន្តរជាតិ(Army 2018) នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សី និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២ កម្ពុជា-រុស្សីទៀតផង។
គណៈប្រតិភូដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ នាង ផាត ដោយមានវត្តមានរបស់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធរុស្ស៊ីផងដែរ បានចុះហត្ថលេខាជាមួយសមភាគីរុស្ស៊ី ដែលដឹកនាំដោយ លោក នាយឧត្តមសេនីយ៍ A.FOMIN អនុរដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសហព័ន្ធរុស្សី ស្ដីពីកិច្ចសហប្រតិបត្តិការយោធា។ លោក នាយឧត្តមសេនីយ៍ A.FOMIN បានថ្លែងថា៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ដែលយើងធ្លាប់មានប្រពៃណីទំនាក់ទំនងតាំងពីយូរយារណាស់មកហើយ រវាងកម្ពុជា និងរុស្សី។ ហើយនេះជាគ្រឹះដែលធ្វើឲ្យកាន់តែរឹងមាំថែមទៀត រវាងប្រទេសទាំងពីរ ដែលបានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៦មកម្ល៉េះ យើងត្រូវពង្រឹង និងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែប្រសើរថែមទៀត។ កន្លងមកសហព័ន្ធរុស្ស៊ីបានជួយបណ្ដុះបណ្ដាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទ បានសរុបចំនួន១.៤០០នាក់ ហើយបច្ចុប្បន្ននេះមានកងយោធពលខេមរភូមិន្ទចំនួន២៨៩នាក់ទៀត កំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី។ លោកនាយឧត្តមសេនីយ៍ A.FOMIN បានថ្លែងបន្តថា៖ រុស្សីមានបំណងចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងកម្ពុជា ក្នុងវិស័យដោះមីន ដូច្នេះរុស្ស៊ី នឹងអញ្ជើញអ្នកជំនាញដោះមីន នៃកងយោធពលខេមរភូមិន្ទ មកសិក្សាមុខវិជ្ជាដោះមីននៅរុស្ស៊ី។ ប្រទសរុស្សី នឹងត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការជួសជុល និងធ្វើឲ្យទំនើបកម្មអាវុធយុទ្ធភណ្ឌ និងគ្រឿងបច្ចេកទេសយោធា របស់កងយោធពលខេមរភូមិន្ទផងដែរ ។
ក្នុងថ្ងៃចាប់ផ្តើមពិធី លោក ប្រធានាធិបតីសហព័ន្ធរុស្សី វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារតាមកញ្ចក់ទូរទស្សន៏៍ដើម្បីអបអរសាទរក្នុងដំណើរការបើកកម្មវិធី ដែលក្នុងនោះ លោក ប្រធានាធិបតី បានបញ្ជាក់ថា៖ ព្រឹត្តិការណ៏ពិព័រណ៍បច្ចេកទេសយោធាអន្តរជាតិ(Army 2018)នេះគឺ ជាការសំដែងនូវទំនុកចិត្តគ្នារវាងសមភាគីរុស្សីទាំងអស់នៅលើពិភពលោក។
បន្ទាប់មក លោក YURI BORISOV ឧបនាយករដ្ឋមន្ត្រីរុស្សី បានអញ្ជើញឡើងថ្លែងបើកព្រឹត្តិការណ៍ ដោយបានសង្កត់ធ្ងន់ថា៖ នេះជាឆ្នាំទី៤ នៃការរៀបចំពិព័រណ៍បច្ចេកទេសយោធាអន្តរជាតិ ដែលជាការចាប់ផ្តើមនៃរបត់ថ្មីមួយទៀត នៅក្នុងបច្ចេកទេសយោធារបស់យើងជាមួយពិភពលោក។ នៅក្នុងការថ្លែងបើក ព្រឹត្តិការណ៍នេះផងដែរ លោកនាយឧត្តមសេនីយ៍ សៀហ្គេ សូហ្គូ រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា៖ នេះជាការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យបច្ចេកទេសយោធារវាងអ្នកឯកទេសរុស្សី និងអ្នកឯកទេសនៃប្រទេសផ្សេងៗ ហើយក៏ជាការធានាសន្តិសុខសុវត្ថិភាពក្នុងតំបន់ និងនៅក្នុងពិភពលោកផងដែរ។ បន្ទាប់មកគណៈប្រតិភូ ក៏បានទៅទស្សនាសមយុទ្ធ ដែលជាបទពិសោធន៍របស់កងទ័ពរុស្សី ធ្លាប់បានអនុវត្តនាពេលកន្លងមកទប់ទល់នឹងក្រុមភេរវកម្មISIS នៅក្នុងប្រទេសស៊ីរីទៀតផង។ គណៈប្រតិភូក៏បានអញ្ជើញទៅទស្សនាអាវុធធុនធ្ងន់,ធុនស្រាល,សម្ភារសឹកជាជ័យភណ្ឌដែលកងទ័ពរុស្ស៊ីដណ្ដើមបាន និងរឹបអូសបានពីក្រុមអាយស៊ីស នៅក្នុងប្រទេសស៊ីរី។ ព្រមទាំងបានទស្សនាការតាំងសព្វាវុធ និងគ្រឿងបច្ចេកទេស និងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់រុស្សី។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកទេសយោធាអន្តរជាតិ(Army2018) នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្សីមានសហគ្រាស និង
ក្រុមហ៊ុនរបស់រុស្ស៊ី និងបរទេសប្រមាណ១.៤០០ក្រុមហ៊ុន ដែលចូលរួមដាក់ តាំងពិព័រណ៍ផលិតផលយោធារបស់ខ្លួន និងមានតំណាងមកពី១១៨ ប្រទេសចូលរួមក្នុងពិព័រណ៍ ចំណែកអ្នកទស្សនាមានប្រមាណ1១លាននាក់៕ ដោយ ៖ កូឡាប