ប្រធាធាធិបតីថ្មីរបស់ប្រទេសស៊ីមបាវ៉េ គឺលោក អេមឺសាន់ មេចហ្គាវ៉ា (Emerson Mnangagwa) ប្តេជ្ញាថានឹងភ្ជាប់ទំនាក់ទំនងរបស់ប្រទេសទៅកាន់ពិភពលោកសារជាថ្មី និងស្ថារសេដ្ឋកិច្ចប្រទេសឲ្យរស់ឡើងវិញ។
នៅក្នុងពិធីប្រកាសចូលកាន់តំណែង លោកបានថ្លែងឲ្យអ្នកវិនិយោគទុនប្រទេសមានការទុកចិត្ត ដើម្បីទាក់ទាញរកមូលិនិធិដែលប្រទេសនេះត្រូវការខ្លាំងបំផុត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចប្រទេសដែលកំពុងដុនដាបខ្លាំងរស់ឡើងវិញ។
លោកក៏បានកោតសរសើរចំពោះអតីតប្រធានាធិបតី មូហ្គាបេផងដែរ និងបានហៅលោកមូហ្គាបេថា ជាបិតាស្ថាបនិករបស់ប្រទេសស៊ីមបាវ៉េ។
ថ្លែងទៅកាន់មនុស្សមនុស្សជាង ៦០.០០០នាក់នៅពហុគីឡាដ្ឋានជាតិស្ថិតក្នុងរដ្ឋធានី Harare មេដឹកនាំស៊ីមបាវ៉េថ្មី រូបនោះបានថ្លែងថា “ប្រទេសស៊ីមបាវ៉េឥឡូវនេះ ត្រៀមខ្លួនរួចរាល់ និងមានឆន្ទៈក្នុងការភ្ជាប់ទំនាក់ទំនងសារជាថ្មីទៅកាន់គ្រប់ប្រជាជាតិទាំងអស់ក្នុងពិភពលោក”។
លោកថ្លែងបន្តទៀតថា “មានជំរើសជាច្រើននឹងត្រូវធ្វើការជ្រើសរើសដើម្បីទាក់ទាញវិនិយោគទុនបរទេសដើម្បីដោះស្រាយបញ្ហាអត្រាអត់ការងារធ្វើខ្ពស់នៅក្នុងប្រទេស ខណៈដែលត្រូវផ្លាស់ប្តូរសេដ្ឋកិច្ច”។
លោក Emerson Mnangagwa ទើបតែត្រឡប់មកពីប្រទេសក្រៅកាលពីដើមសប្តាហ៍នេះ ដើម្បីមកដឹកនាំប្រទេស ក្រោយពេលលោក មូហ្គាបេ បានចុះចេញពីតំណែងដោយសន្តិវិធី។ លោក Emerson Mnangagwa ត្រូវបានលោក មូហ្គាបេ បណ្តេញចេញពីតំណែងកាលពីដើមខែ ហើយការបណ្តេញចេញនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរៀបចំប្រពន្ធរបស់ខ្លួនឲ្យឡើងស្នងតំណែងជំនួស។
ប៉ុន្តែការបណ្តេញអតីតអនុប្រធានាធិបតីចេញ ធ្វើឲ្យមានការអន្តរាគមន៍ពីក្រុមយោធា ហើយគណប្សកាន់អំណាចបានដាក់សម្ពាធឲ្យលោក មូហ្គាបេចុះចេញពីតំណែង៕ សុភ័ក្ត្រ