Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធនឹង ព្រះរាជក្រឹត្យស្តីពីការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព

រាជធានីភ្នំពេញ : ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា យោងព្រះរាជក្រឹត្យលេខនស/រកត/០២២៥/៣០៣ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យស្តីពី “ការបង្កើតបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព”។ គោលបំណង នៃការបង្កើតព្រះរាជក្រឹត្យនេះ គឺដើម្បីការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំង ចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្នើដាក់បូជនីយដ្ឋានចងចាំនេះ គឺដើម្បីរំលឹកដល់ខួប៥០ឆ្នាំនៃចំណុច ចាប់ផ្តើមរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើឱ្យប្រជាជនកម្ពុជារងទុក្ខយ៉ាងវេទនាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

សូមបញ្ជាក់ជូនដែរថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំសំណុំឯកសារតាំងពីឆ្នាំ២០១៩មក និងបានកំណត់យកទីតាំងបូជនីយដ្ឋាន ចំនួនបី រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ស្ថិតនៅចន្លោះខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។ ការរៀបចំឯកសារដាក់បញ្ចូលទីតាំងទាំងបី គឺដោយសារតែកត្តាប្រវត្តិសាស្ត្រដែលមាន ទំនាក់ទំនងគ្នា (អំពើហិង្សា ការធ្វើទារុណកម្ម និងការកាប់សម្លាប់) ជាពិសេសតួនាទីនៃទីតាំងនេះក្នុងនាមជាបូជនីយដ្ឋាន នៃការចងចាំ។ អំពើឧក្រិដ្ឋកម្មទាំងនេះ បានកើតឡើងជាប្រព័ន្ធនិងមានការគ្រោងទុកជាមុន តាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៩៧០ ជាពិសេសនៅគ្រាដែលបង្កើតមន្ទីរ១៣។

ព្រះរាជក្រឹត្យខាងលើនេះ បានកំណត់ឱ្យមានការការពារ និងជាឯកសារគតិយុត្តចាំបាច់ក្នុងការគាំទ្រដល់ កិច្ចការរៀបចំឯកសារស្នើសុំដាក់ទីតាំងទាំងបីចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រះរាជក្រឹត្យនេះ ក៏បានកំណត់ ដាក់ឈ្មោះទីតាំងនេះថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីឧក្រិដ្ឋកម្មមកសន្តិភាព” និងមានគោលបំណងចំនួន ៣ រួមមាន៖

១. ការពារនិងអភិរក្សវត្ថុតាងនិងឯកសារទាំងឡាយ ដែលជាតឹកតាងប្រវត្តិសាស្ត្រ ដើម្បីទុកជាមេរៀន ការចងចាំ និងទប់ស្កាត់ការកើតឡើងជាថ្មីនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជា ការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩។

២. ការពារបរិស្ថាន ទេសភាពប្រវត្តិសាស្ត្រ និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង និងអភិវឌ្ឍន៍ តំបន់នីមួយៗប្រកបដោយចីរភាព ដើម្បីការពារគុណតម្លៃជាសកល។

៣. បង្កើនការយល់ដឹង ការសិក្សាស្រាវជ្រាវ និងការអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការផ្សះផ្សានិងសន្តិភាព។

ទីតាំងទាំងបី បានជាប់ក្នុងបញ្ជីត្រៀមនៃអង្គការយូណេស្កូ កាលពីឆ្នាំ២០២០ ហើយនៅខែមករា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដាក់ឯកសារស្នើសុំផ្លូវការក្រោយពីមានការឯកភាពពីគណៈកម្មការអន្តរក្រសួង ដែលមានការចូលរួមពីក្រសួងពាក់ព័ន្ធចំនួន១០ និងរាជធានីខេត្តចំនួន៣ (សាលារាជធានីភ្នំពេញ សាលាខេត្តកំពង់ឆ្នាំង និងសាលាខេត្តកំពង់ស្ពឺ)។

ព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ចូលទីតាំងចំនួន៤ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាគ្រាកន្លងមក រួមមាន រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ រមណីយដ្ឋានសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ។ ការដាក់បញ្ចូល បូជនីយដ្ឋានចងចាំនៃកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅប្រទេស កម្ពុជា ដែលមិនមែនជាបុរាណដ្ឋាន ហើយក៏ជាទីតាំងដំបូងគេក្នុងពិភពលោក ពីក្នុងចំណោមបណ្តាទីតាំងឧក្រិដ្ឋកម្ម បន្សល់ពីសម័យសង្គ្រាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី