កាលពីល្ងាចម្សិល មិញនេះ វេលាម៉ោងជាង៤ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ករណីបុរសជាម្ចាស់ហាងគុយទាវ២នាក់ ស្ថិតនៅបុរីកំបូល១ (ច្រកទី២) ដែលបានធ្វើសកម្មភាពដ៏សាហាវ បាញ់ទឹក និងផ្សែងពន្លត់អគ្គីភ័យ ស្រោចទៅលើប្តីប្រពន្ធលក់ទឹកអំពៅ ទាំងកម្រោល ដែលពួកគាត់លក់នៅផ្លូវម្ខាងទល់មុខផ្ទះរបស់ពួកខ្លួនសោះ បានបង្កឲ្យមហាជនផ្ទុះការខឹងសម្បារ និងស្អប់ខ្ពើមខ្លាំងបំផុត។
ចំពោះករណីនេះផងដែរ គឺពុំមានរឿងហេតុអ្វីនោះទេ ដែលក្រៅពីមានចិត្តចង្អៀតចង្អល់ ចិត្តអាក្រក់គ្មានពីរ ពីសំណាក់ម្ចាស់ហាងគុយទាវ២នាក់នេះប៉ុណ្ណោះ។ ជាក់ស្តែង ខណៈរឿងហេតុកើតឡើង បុរសជាប្តីលក់ទឹកអំពៅ ដែលឡាយវីដេអូ បានប្រាប់បងប្អូននៅក្នុងបណ្តាញសង្គមឲ្យដឹងថា បុរសម្ចាស់ហាងទាំងពីរនេះ បានដេញពួកគាត់មិនឲ្យលក់ ខណៈដែលពួកគាត់លក់នៅឯផ្លូវម្ខាងឯណេះសោះ តើទើសអ្វីទៅ? តើហេតុអ្វីបានជាម្ចាស់ហាងចិត្តដ៏អាក្រក់នេះ មានសិទ្ធិអំណាចដេញពួកគាត់ អីក៏ខ្លាំងជាងអាជ្ញាធរម្ល៉េះ?!។
ទោះជាយ៉ាងណា បន្ទាប់ពីករណីនេះបានកើតឡើង ខណៈមហាជនផ្ទុះការរិះគន់ និងស្អប់ខ្ពើមកក្រើកបណ្តាញសង្គមរួចមក នៅពេលនេះ អាជ្ញាធរខណ្ឌកំបូល បានចាត់វិធានការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ ម្ចាស់ហាងគុយទាវទាំងពីរនេះហើយ ដែលមានឈ្មោះ ប៊ុន វ៉ាន់សៃ និងឈ្មោះ កែវ សវុធ។
ក្នុងនោះ រដ្ឋបាលខណ្ឌកំបូល បានណែនាំឱ្យម្ចាស់ហាងខាងលើនេះ បញ្ឈប់ការបាញ់ទឹក និងផ្សែងពន្លុតអគ្គីភ័យ ឬធ្វើអ្វីមួយដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូដល់អាជីវករលក់ដូរ នៅទល់មុខផ្នែកខាងជើងផ្លូវបន្តទៀតឡើយ និងឲ្យធ្វើវីដេអូសុំទោសចំពោះទង្វើដ៏មិនគប្បីមួយនេះរបស់ពួកខ្លួនជាសាធារណៈ! ហើយក្នុងករណីមិនព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល និងនីតិវិធីច្បាប់។
តែទន្ទឹមនឹងបានឃើញទង្វើរបស់បុរសម្ចាស់ហាងទាំងពីរ ធ្វើដាក់ទៅលើប្តីប្រពន្ធលក់ទឹកអំពៅដ៏សាហាវបែបនេះ ក៏ស្រាប់តែមានបងប្អូនជាអ្នកធ្លាប់ជួបផ្ទាល់ បានបញ្ចេញចរឹកពិត របស់ម្ចាស់ហាងនេះ ដែលលឺហើយហួសពីការស្មាន។ ក្នុងនោះ ពលរដ្ឋម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Hea Chay បានបញ្ចេញឲ្យដឹងថា «ផ្ទះហ្នឹងល្បីតាំងពីដើមម្ល៉េះ ចូលស៊ីបាយម្ដងរៀងម៉ាជីវិត ចែកគ្នារស់ទៅលោក ក្រែងផ្ទះលោកលក់តែព្រឹកដល់ថ្ងៃត្រង់តើហី ល្ងាចហើយអោយគ្នាលក់ទៅលោក។
រីឯពលរដ្ឋម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ ភួង បូរ៉ាមី ក៏បានបញ្ចេញការឈឺចាប់មួយនេះថា «ឃើញក្ដៅ កើតមកមិនច្រឡំគេ ២ឆ្នាំមុនខ្ញុំដឹកកូនមកពីរៀនភ្លៀងមកបន្ទាន់ ក៏ជិះម៉ូតូជ្រកក្រោមសំយ៉ាបផ្ទះ ស្រាប់តែគាត់អោយយកម៉ូតូដាក់ក្រៅ កុំអោយប្រឡាក់រ៉ូគាត់ ទាំងខ្ញុំមានកូនតូចនៅលើម៉ូតូ ដឹងចិត្តធ្វើពីអីទេ»។ រីឯពលរដ្ឋផ្សេងទៀត ក៏បានឲ្យដឹងថា អាហារបាយ គុយទាវ ហាងបុរស២នាក់ហ្នឹង ចូលម្តងរៀង ព្រោះអត់ឆ្ងាញ់ហើយ លក់កោរតម្លៃដ៏ជ្រុលហួស និងក៏បានស្នើឲ្យគ្រប់គ្នាថតទីតាំងបង្ហោះ កុំនាំគ្នាចូលហូបកន្លែងហ្នឹងទៀត៕










