Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹមថាកូនចៅថ្នាក់ក្រោមធ្វើបានចុះ! ស្នងការខេត្តបាត់ដំបង ណែនាំមន្ត្រី កុំឱ្យមើលឃើញតែលុយពេក បើពលរដ្ឋខុសតិចតួច ណែនាំបានហើយ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង បានក្រើនរម្លឹកដាស់តឿនដល់មន្រ្តីនគរបាលក្រោមឱវាទ ចុះអនុវត្តច្បាប់ចរាចរណ៍កុំមើលឃើញតែលុយពេក ដោយលោកបានលើកឡើងថា វិធានការអប់រំណែនាំ ចំពោះបងប្អូនអ្នកធ្វើដំណើរលើដងផ្លូវ បើក្នុងករណីកំហុសឆ្គង របស់គាត់តូចតាចទេ ក្នុងកម្រិតអប់រំណែនាំ ពន្យល់គាត់ឱ្យបានយល់ដឹង នោះគាត់នឹងអរគុណដល់យើងជាមន្រ្តីនគរបាលចរាចរណ៍ ហើយគាត់នឹងចងចាំពេញមួយជីវិតនូវកំហុសឆ្គង ដែលគាត់បានធ្វើខុសដោយអចេតនា ពេលធ្វើដំណើរលើដងផ្លូវ។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំ ជាមួយស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះស្នងការដ្ឋាន កាលពីព្រឹកថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២៥, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ បានលើកហេតុផល ពន្យល់ដល់មន្រ្តីនគរបាលក្រោមឱវាទ ឲ្យដឹងថា ពេលខ្លះបងប្អូនប្រជាពលរដ្ឋលោកធ្វើដំណើរពីស្រុក ស្រែចូលមកទីក្រុង ទីប្រជុំជន ម្តង ម្កាលដើម្បីបានឃើញពីការអភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងយើង លោកពិតជាមិនអាច​យល់ដឹងបានគ្រប់ជ្រុងជ្រោយនៃការធ្វើចរាចរណ៍​លើដងផ្លូវខ្វាត់ខ្វែង មានភ្លើងស្តុប និងស្លាកសញ្ញានោះទេ ពួកគាត់ខ្លាចខុសច្បាប់ ហើយក្នុងអារម្មណ៍ភ័យផង ខ្លាចផង ដូច្នេះមន្រ្តីនគរបាលចរាចរណ៍នៅ លើដងផ្លូវ សូមមេត្តាត្រឹមតែធ្វើការអប់រំណែនាំ ឱ្យគាត់បានយល់អំពីកំហុសនេះពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍បានហើយ រួចអនុញ្ញាតិឱ្យគាត់ បន្តដំណើរទៅចុះ សូមកុំផាកពិន័យអី សូមកុំមើលឃើញតែប្រាក់ពេក​ នេះជាការរំលឹកដាស់តឿន។

ពិតណាស់ ស្របពេលលោកស្នងការខេត្តបាត់ដំបង បានក្រើនរម្លឹកដល់មន្រ្តីក្រោមឱវាទកុំមើលឃើញតែលុយបែបនេះ ឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើន នៅលើបណ្តាញសង្គម បានសម្តែងការសាទរ និងគាំទ្រចំណាត់ការនេះយ៉ាងខ្លាំង។ តែទោះជាយ៉ាងណា ក៏សូមមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវតែអនុវត្ត និងធ្វើឲ្យបាន ចំពោះសម្តីក្រើនរម្លឹករបស់ថ្នាក់ដឹកនាំ ដើម្បីធ្វើជាគំរូមន្រ្តីមានក្រមសិលធម៌ និងវិជ្ជាជីវៈដ៏ល្អ ដែលពលរដ្ឋគួរគោរព សរសើរ ជាជាងគ្រាន់តែលឺឈ្មោះស្អប់ខ្លាំងបំផុតនោះ៕