នេះជាករណីថ្មីចែស ដែលពិតជាគួរឲ្យហួសចិត្តខ្លាំងតែម្តង បន្ទាប់ពីបានឃើញរូបមួយសន្លឹកដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម បង្ហាញរថយន្តតាក់ស៊ីស៊េរីទំនើប១គ្រឿងម៉ាក Sina បែរជាបំពាក់ស្លាកលេខដ៏មិនធម្មតា សុទ្ធតែ «ខេមរៈភូមិន» ដោយមិនខ្វល់ថានេះជាទង្វើពំពានល្មើសច្បាប់របស់កងកម្លាំងការពារជាតិនោះទេ។
ជាមួយរូបភាពនេះផងដែរ មហាជនជាច្រើនក៏បានឆ្ងល់ថា តើឡានតាក់ស៊ីដ៏ទំនើបនេះ ប្រហែលជាមិនស្គាល់ច្បាប់ទម្លាប់ ឬយ៉ាងណា? ហេតុអ្វីបានជាហ៊ានខ្លាំងម្ល៉េះ ដែលបំពាក់ស្លាកលេខ «ខេមរៈភូមិន» របស់កងកម្លាំង យកមករត់តាក់ស៊ីយ៉ាងរំភើយ! ឬក៏អាងមានខ្នងបង្អែកអ្នកមានអំណាច អនុញ្ញាតឲ្យធ្វើបែបនេះ ដើម្បីអាចរត់ឈ្នួលប្រព្រឹត្តបទល្មើសណាមួយ មិនឲ្យប៉ូលីសរំខានតាមផ្លូវ ហើយមើលទៅ?!។
តែទន្ទឹមនឹងមហាជនផ្ទុះការរិះគន់ និងក៏ដូចមានការយល់ច្រឡំ ចោទប្រកាន់ថាប្រាកដណាស់ជាមានមន្ត្រីមានអំណាចរូបណាម្នាក់ ជាអ្នកផ្តល់សិទ្ធិឲ្យ ទើបបានជាអ្នករត់តាក់ស៊ីស៊េរីទំនើប ដែលរត់ឈ្នួលពី (ប៉ៃលិន-ព្រំ-ភ្នំពេញ) ហ៊ានបំពាក់ស្លាកលេខបែបនេះ, នៅពេលនេះ (ថ្ងៃទី១១ មីនា) លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ចេញមុខមាត់ម្ចាស់ឡានតាក់ស៊ីនោះ និងភ្ជាប់ខ្លឹមសារយ៉ាងដូច្នេះថា៖ ការយល់ដឹងអំពីច្បាប់ប្រើប្រាស់ផ្លាកលេខរថយន្តកន្លងទៅ អ៊ំពូ បងប្អូន ជាមន្ត្រី ឬជាអ្នកបើកបររថយន្ត បម្រើសេវាដឹកជញ្ចូន វិស័យឯកជន ទូទាំងខេត្ត មានការយល់ដឹងគោរពបានល្អ ហើយការគ្រប់គ្រង់ ក៏មិនដែលឃើញមានប្រើប្រាស់ផ្លាកលេខល្មើសបែបនេះ នៅភូមិសាស្ត្រខេត្តឡើយ ។
លោកស្រី បាន ស្រីមុំ ក៏បានសម្តែងការហួសចិត្តបែបនេះថា៖ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និង សោកស្តាយចំពោះទង្វើខុសច្បាប់របស់បងប្រុសអ្នករត់តាក់ស៊ី ឈ្មោះ ម៉ន រស់នៅភូមិផ្សារព្រំ ដោយសារបាត់ស្លាកឡានមួយថ្ងៃ មិនអាចរង់ចាំធ្វើផ្លាកលេខថ្មី ខ្លាចបាត់បង់ប្រាក់ចំណូល ទើបបង្ខំយកផ្លាកលេខ ខ.ម មកចាប់រត់បណ្តោះអាសន្នយប់មិញនេះ សូម អ៊ំពូ បងប្អូនដទៃទៀត កុំយកគំរូផ្ទុយពីច្បាប់បែបនេះ មកអនុវត្តន៍តាមជាទង្វើខុសច្បាប់ទាំងស្រុង៕



