Thursday, March 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀងលាយលំខ្យល់កន្ត្រាក់នៅសៀមរាប បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដើមឈើ ផ្ទះមួយចំនួនបានរងការខូចខាត

ខេត្តសៀមរាប៖ផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាស្រុកក្រុងបានរងផលប៉ះពាល់ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់។
ហេតុការណ៍ខ្យល់កន្ត្រាក់ដែលបានបោកបក់ខ្លាំងនេះ បានកើតឡើងនៅល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដាក្រុងស្រុកមួយចំនួនខេត្តសៀមរាប។ ក្រៅពីក្រុងសៀមរាប ស្រុក.ក្រុងដែលទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ មួយចំនួន រួមមាន៖ ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកអង្គរធំ ក្រុងរុនតាឯកតេជោសែន ស្រុកស្វាយលើ ករណីនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
ទោះជាយ៉ាងណាបន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះជួយអន្តរាគមន៍ភ្លាមៗដើម្បីជួយដល់ប្រជាពលរដ្ឋផងដែរ។

លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានថ្លែងថា សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ អោយបានជ្រាបថា ករណីគ្រោះធម្មជាតិ ភ្លៀងលាយលំខ្យល់កន្ត្រាក់ នៅក្នុងស្រុកប្រាសាទបាគង កាលវេលាម៉ោង១៦:៣០ នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ បានបណ្តាលឲ្យមានផលប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋចំនួន០៣ ខ្នង រលំតូបលក់ដូរចំនួន០២ តូប ទ្រេតផ្ទះចំនួន០១ ខ្នង របើកដំបូលផ្ទះ និងសំយ៉ាបចំនួន៥៤ ខ្នង រលំស្លាកសញ្ញាគណបក្សចំនួន៤ ផ្ទាំង រលំដើមឈើធំចំនួន៤ ដើម បណ្តាលឲ្យមនុស្សចំនួន៤ នាក់ ស្រី៣ នាក់ រងរបួស ក្នុងនោះ រងរបួសធ្ងន់០២ នាក់(ប្រុស១ នាក់ ស្រី១ នាក់) របួសស្រាល០២ នាក់)ត្រូវបានជួយបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

អភិបាលស្រុកប្រាសាទបាគង បានថ្លែងបន្តទៀតថា ក្រោយកើតមានបាតុភូតគ្រោះធម្មជាតិនេះភ្លាមៗ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួម ពីអាជ្ញាធរភូមិ ឃុំ ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋ បានសហការណ៍គ្នា ធ្វើការកាត់ និងជញ្ជូនយកចេញ នូវកំណាត់ដើមឈើ ដែលរលំបាក់ មកលើដងផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងសម្រួលដល់ការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកប្រាសាទបាគង បានបញ្ជូន ទៅទីតាំងដែលរង់ផល់ប៉ះពាល់ ទាំងនោះ ដើម្បីជួយរុះរើ លើកជញ្ជូន រៀបចំទុកដាក់សម្ភារៈ នៅតាមខ្នងផ្ទះ ដែលរងការខូចខាត ដោយសារគ្រោះធម្មជាតិនេះ ជូនបងប្អូនប្រជាពលរដ្ឋវិញ តាមស្ថានភាពជាក់ស្ដែងផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី