ទាហានកូរ៉េខាងជើងដែលរត់ភៀសខ្លួនឆ្លងកាត់ដំបន់ស (DMZ) ត្រូវការពេលវេលាមួយសម្រាប់ជាសះស្បើយ បន្ទាប់មកត្រូវបញ្ជូនទៅសម្ភាសន៍ រួចនឹងបានច្បាប់រស់នៅកូរ៉េខាងត្បូងអស់មួយជីវិត។តាម Washington Post សុខភាពរបស់ទាហានកូរ៉េខាងជើង ត្រកូល Oh បានរត់ភៀសខ្លួនកាលពីថ្ងៃ ១៣/១១ កំពុងជាសះស្បើយបណ្តើរៗហើយ។ Oh បានចែករំលែកប្រាប់កាន់តែច្រើនឡើងៗរបស់ខ្លួនចំពោះវេជ្ជបណ្ឌិត Lee Cook-jong ប៉ុន្តែមកទល់ពេលនេះ គេទើបឲ្យដឹងថា ៖ ទាហានរូបនេះមានអាយុ២៤ឆ្នាំ ធ្លាប់បើកបររថយន្តបម្រើការក្នុងជួរកងទ័ព។ Oh បានចូលធ្វើទាហានតាំងពីអាយុ១៧ បន្ទាប់ពីបញ្ចប់ការសិក្សាវិទ្យាល័យ។
ពេលនេះ Oh ទើបតែបរិភោគបាននូវសារធាតុបំប៉នសណ្ឋានរាវ ហើយក៏អាចប្រើដៃនឹងសើចញញឹមដាក់ក្រុមវេជ្ជបណ្ឌិតដែលព្យាបាលខ្លួន។
តាមក្រុមវេជ្ជបណ្ឌិតនោះ Oh ត្រូវការពេលវេលា១ខែ ដើម្បីជាសះស្បើយទាំងមុខរបួស និងអារម្មណ៍នឹងនរដូចដើមវិញ។
Reuters ឲ្យដឹងថា ជនជាតិកូរ៉េខាងជើង ភាគច្រើនដែលរត់មកកាន់កូរ៉េខាងត្បូង ត្រូវសម្ភាសន៍ដោយស្ថាប័នចារកម្ម។ ពួកគេត្រូវបានបញ្ជូនទៅកាន់តំបន់ស្នាក់នៅថ្មី ក្នុងអំឡុងពេល៣ខែ ដើម្បីសិក្សានិងរៀនសូត្រ ពីរបៀបរបបរស់នៅកូរ៉េខាងត្បូង។
ក្រោយពេលបញ្ចប់វគ្គសិក្សានេះ គេនឹងត្រូវបានរស់នៅកូរ៉េខាងត្បូង ប្រៀបដូចជាពលរដ្ឋធម្មតា ហើយទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ឆ្នាំ ៦.៥០0ដុល្លារ រៀងរាល់ឆ្នាំ រួចត្រូវបានរកកន្លែងរស់នៅ និងធ្វើការ។ ពួកគេម្នាក់ៗក៏នឹងត្រូវបានប៉ូលិសកូរ៉េខាងត្បូង តាមការពារក្នុងអំឡុងឆ្នាំដំបូង ដើម្បីធានាសុវត្ថិភាព។
តាមវេជ្ជបណ្ឌិត Lee ទាហានកូរ៉េខាងជើងរូបនេះ ចាប់ពីពេលនេះទៅតម្រូវឲ្យបរិភោគ តាមរបបហូបចុកពិសេសមួយ ព្រោះតែស្នាមរបួសនៅពោះវៀនធំ ក្លាយជារ៉ាំរ៉ៃ ដោយសារត្រូវគ្រាប់កាំភ្លើង។
តាម New York Times ករណីដែល Oh មានព័ត៌មានចារកម្មមានតម្លៃនោះ គេអាចទទួលបានប្រាក់ដល់ទៅ ៨៦០ពាន់ដុល្លារ ។ នេះជាខ្ទង់ប្រាក់ដ៏ធំសម្បើម អាចសាងជីវិតថ្មីមួយបានយ៉ាងងាយ។
គោលនយោបាយនេះ ត្រូវបានក្រសួងឯកភាពកូរ៉េខាងត្បូងអនុវត្តតាំងពីខែ ៤/២០១៧ ជនកូរ៉េខាងជើងដែលភៀសខ្លួននាំយកមកជាមួយនូវនាវាប្រយុទ្ធ ឬយន្តហោះ ឬព័ត៌មានចារកម្មមានតម្លៃ និងទទួលបានប្រាក់ ៨៦០ពាន់ដុល្លារ ដែលមុននោះទទួលបានត្រឹមតែ ១៣០ពាន់ដុល្លារប៉ុណ្ណោះ។
New York Times ដដែល បកស្រាយថា ការបង្កើនខ្ទង់ប្រាក់រង្វាន់នេះ សម្រាប់ជនកូរ៉េខាងជើងដែលភៀសខ្លួនមកកាន់កូរ៉េខាងត្បូងមានគោលបំណងដើម្បីអូសទាញជនកូរ៉េខាងជើង ដែលមានក្នុងដៃនូវព័ត៌មានសំខាន់ៗ៕