Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​ស្នើ​ដល់​អត្ត​ពលិក​កម្ពុជា ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្តទៀត និង​ត្រូវ​តែ​ជៀសវាង ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង​

​ភ្នំពេញ​ ៖ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ស្វាគមន៍ ដោយ​ផ្ទាល់​ចំពោះ​ដំណើរ​និវត្តន៍​របស់​ប្រតិភូ និង​អត្ត​ពលិក​កម្ពុជា​ត្រឡប់​ពី​ការប្រកួត​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​ឈ្នះ​មេដាយមាស​ជូន​ជាតិ​មាតុភូមិ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​ដំណើរ​និវត្តន៍​អម​ដោយ​សមិទ្ធផល​បំបែក​ឯតទគ្គ​កម្ម​ប្រវត្តិសាស្ដ្រ​៦៤​ឆ្នាំនេះ គឺ​មាន​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​ពិសេស ដោយ​មាន​ក្បួន​ដង្ហែរ​រថយន្ដ​អម​ដោយ​ម៉ូតូ​កិត្តិយស ៦​គ្រឿង ដើម្បី​ហែរ​ម្ចាស់​មេដាយមាស និង​សំរឹទ្ធ ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ឆ្ពោះ​ទៅ​វិមាន​សន្ដិភាព​។ មិនតែប៉ុណ្ណោះ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មន្ដ្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជាច្រើន ក៏​ត្រៀម​ទទួល​ស្វាគមន៍​ផ្ទាល់​ក្រោយ​ចុះ​ពីលើ​យន្ដហោះ​ផងដែរ​។​

​ការប្រកួត​កីឡា​អាស៊ី បាន​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ដែល​ឥណ្ឌូនេស៊ី​ធ្វើ​ជា​ម្ចាស់ ផ្ទះ កម្ពុជា​បាន​បញ្ជូន​កីឡា ១៣​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​។ ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង ១៣​ប្រភេទ​នេះ កម្ពុជា​ដណ្ដើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​១ លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក ដោយ​កីឡាករ សាលី អ៊ូ​មើ​ត ឈ្នះ​មេដាយមាស​១​និង​សំរឹទ្ធ​១ និង កីឡា​ការិនី ខាន់ ចេសា ដណ្តើម​បាន​មេដាយមាស​១ លើ​វិញ្ញាសា​កីឡា​ជឺជិត​ស៊ូ​។​

​ការ​ដណ្តើមបាន​មេដាយមាស​របស់​កីឡាករ សាលី អ៊ូ​មើ​ត និង​កញ្ញា ខាន់ ចេសា ពី​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលនេះ​គឺជា​ការ​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​៦៤​ឆ្នាំ ចាប់តាំងពី​បាន​ចូលរួម​ប្រកួត​កីឡា​ប្រចាំ​ទ្វីប​អាស៊ី​មួយ​នេះ​នា​ឆ្នាំ​១៩៥៤​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការអបអរសាទរ វីរ​កីឡាករ វីរ​កីឡាការិនី​ដែល​ទទួលបាន​មេដាយមាស​ទាំងពីរ នាក់​ដោយ​បាន​ខិតខំ​ប្រឹងប្រែង​យក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​។ នេះ​ជា​មោទនភាព​មួយ​សំរាប់​ប្រទេស​កម្ពុជា​ដែល កម្ពុជា​ត្រូវ​រងចាំ​រយៈពេល​៦៤​ឆ្នាំ ទើប​យើង​ទទួល​បាន​មេដាយមាស បន្ទាប់​ពី​ឆ្នាំ​២០១៤ យើង​បាន​មេដាយមាស​មួយ ដោយ​វីរ​កីឡា​ការិនី ស៊ន សៀវ​ម៉ី ។ សម្តេច​តេ​ជោក៏​ចូលរួម​សោកស្តាយ​ផង​ដែរ ចំពោះ​អ្នក​ដែល​មិន​បាន​ទទួល​មេដាយ ហើយ​សូម​កុំ​អស់សង្ឃឹម​ត្រូវ​ខិតខំ​ប្រឹងប្រែង ជា​បន្ត​ទៀត ព្រោះ​ការខិតខំ​ប្រឹងប្រែង និង​ការព្យាយាម​តស៊ូ គង់​បាន​សម្រេច​។​

​សម្តេច​តេជោ ហ៊ុន សែន នៅតែ​បន្ត​ផ្តល់​អនុសាសន៍ ដល់​កី​ឡ​ករ​-​កីឡាការិនី​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត​។ សូម​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​គិត​ថា​ការប្រកួត​ចាញ់​-​ឈ្នះ​គឺជា​រឿង​ធម្មតា​របស់​កីឡា​ប៉ុន្តែ​សំខាន់ បំផុត​នោះ​គឺ​ត្រូវ​គោរព​តាមច្បាប់ នៃ​ការប្រកួត​របស់​គណៈកម្មកា​រ​កីឡា ពិសេស​គឺ​ត្រូវតែ​ជៀសវាង​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង ឬ​សារធាតុ​ញៀន​ជាដើម​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​គ្រូបង្វឹក នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ដែល​បាន​ជួយ បណ្តុះបណ្តាល​បង្វឹក​ដល់​កីឡាករ កីឡាការិនី​យើង និង​បាន​អរគុណ​ដល់​សហព័ន្ធ​កីឡា គណៈកម្មការ​កីឡា​ជាតិ​អូ​ឡាំង​ពិ​ក​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការជំរុញ​វិស័យ​កីឡា​នេះ​ឲ្យមាន​ការីកចម្រើន​។​

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ជ័យលាភី​មេដាយមាស​កីឡា​ការិនី ខាន់ ចេសា ទទួលបាន​ថវិកា​ពី​រដ្ឋ ៨០​លាន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១​ម៉ឺន​ដ​ល្លារ និង​គ្រូបង្វឹក​របស់គេ​ទទួលបាន​ថវិកា​ពី​រដ្ឋ​ចំនួន​៨០​លាន​រៀល និង​ថវិការ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១​ម៉ឺន​ដ​ល្លារ​។ ចំណែក ឯ​កីឡាករ សាលី អ៊ូ​មើ​ត ទទួលបាន​ថវិកា​ពី​រដ្ឋ​ចំនួន ១០៤​លាន​រៀល និង​ថវិកា​សម្តេច​តេជោ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ១៣០០០ ដុល្លារ និង​គ្រូបង្វឹក​របស់គេ​ទទួលបាន​ថវិកា​ពី​រដ្ឋ​ចំនួន​៨០​លាន​រៀល និង ថវិការ​សម្តេច​តេជោ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​១​ម៉ឺន​ដ​ល្លារ​។​

​មុន​នឹង​ពិធី​បំពាក់​មេដាយ និង​ប្រគល់​ប្រាក់រង្វាន់ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​កីឡាករ កីឡា​ការិនី និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​៕ ​ដោយ ​៖ ​កូឡាប​

×