ក្នុងឱកាសដឹកនាំក្រុមការងារពិនិត្យដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ សម្តេចពិជ័យសេនាទៀ បាញ់ បានមានប្រសាសន៍ថា ទម្រាំទទួលបាននូវការរីកចម្រើន លើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ រាប់ទសវត្សរ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងព្រាត់ប្រាសប្រពន្ធ កូន ក្រុមគ្រួសារ យ៉ាងសោកសម្រែងក្រៃលែង។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសន្ទុះយ៉ាងខ្លាំងលើការអភិវឌ្ឍ ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី មិនបានផ្តល់ផលប្រយោជន៍អ្វី សម្រាប់ប្រជាពលរដ្ឋខ្មែរ គឺមានតែដើរញុះញង់ ឱ្យបរទេសកាត់ជំនួយពីកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ-ឈ្នះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធបើកកិច្ចប្រជុំ និងដាំដើមឈើមានតម្លៃ នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ(ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)ផងដែរ។ រហូតមកដល់ពេលនេះ វិមានឈ្នះ-ឈ្នះ បានសាងសង់ផ្នែកតួវិមានជិតរួចរាល់ហើយ។ ពិធីសម្ពោធនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា៖ វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។ ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀតវិមាននេះ នឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មិនបានផ្តល់ផលប្រយោជន៍អ្វី សម្រាប់ប្រជាពលរដ្ឋខ្មែរបន្តិចណាសោះឡើយ គឺទណ្ឌិតរូបនេះ តែងតែគិតដើរញុះញង់ ឱ្យបរទេសកាត់ជំនួយពីកម្ពុជាទៅវិញ។ ដែលផ្ទុយពីបរទេសមួយចំនួន នាំគ្នាកោតសសើរពីភាពរីកចម្រើន របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋមន្ត្រីការពារជាតិរូបនេះ បានថ្លែងថា ទណ្ឌិត សម រង្ស៊ី យើងមិនអាចយកជាការអត់កើតនោះទេ គឺសម្តីរបស់គាត់ មិនថានិយាយអីនេះទេ។ ខ្ញុំស្គាល់ សម រង្ស៊ី មក ហាក់បីដូចជាមកមិនដែលមានអ្វី ជាការវិជ្ជមាន ចំពោះព្រះរាជណាចក្រកម្ពុជាយើង ដែលដើរវាឆ្ងាយម្លឹងៗ គេមិនដែលទទួលស្គាល់ ផ្ទុយស្រឡះពីអ្នកដ៏ទៃមួយចំនួន និងជនបរទេសទៀតគេទទួលស្គាល់ជាអច្ឆរិយមួយ។
សម្តេចពិជ័យសេនាទៀ បាញ់ បានបន្តថា ទម្រាំទទួលបាននូវការរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ រាប់ទសវត្សរ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងព្រាត់ប្រាសប្រពន្ធ កូន ក្រុមគ្រួសារ យ៉ាងសោកសម្រេងក្រៃលែង។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមានសន្ទុះយ៉ាងខ្លាំងលើការអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោបាយ ជាពិសេសគោល នយោបាយឈ្នះ-ឈ្នះ ដ៏ថ្មីសន្លាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ជាគណបក្ស ចំនួន១៥ ដែលមិនបានទទួលអាសនៈ ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី៦នេះ។
សម្តេចរដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះនេះ បាននាំមកនូវភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋកម្ពុជា នាំមកនូវឯកភាពជាតិ ជាពិសេសបានបិទបញ្ចប់ទាំងស្រុង នូវទំនាស់រវាងខ្មែរ និងខ្មែរ ឱ្យមករស់នៅក្នុងភាពសប្បាយរីករាយ មិនភ័យខ្លាចដូចពីអតីតកាលឡើយ៕ ដោយ៖បញ្ញាស័ក្តិ