ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីវេលាម៉ោង ១៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើង ស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាហ្គាំង (Sagaing) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម និងទីភ្នាក់ងារអង្កេតតាមដាន ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ វ៉ិចទ័រ ដែល បង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
ស្ថិតក្នុងស្ថានការណ៍នេះ ក្រសួងធានធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពនៃការរញ្ជួយ និងជូនដំណឹងដល់សាធារណជនបន្ថែមទៀតក្នុងករណីចាំបាច់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















