ករណីឪពុកមោទនភាព ចំពោះសមត្ថភាពកូនតូចរបស់ខ្លួន អាចបើកបរបញ្ចាយានយន្តបាន គឺតែងតែត្រូវបានឃើញបង្ហោះបង្អួតនៅលើបណ្តាញសង្គម ដោយពុំបានគិតថា ទង្វើបណ្តោយកូនឲ្យបើកបរទាំងអាយុនៅក្មេងខ្ចីបែបនេះ អាចនឹងបណ្តាលឲ្យកើតមានគ្រោះថ្នាក់ ជាយថាហេតុណាមួយសោះឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ វីដេអូបង្ហាញក្មេងប្រុសម្នាក់ អាយុប្រហែល ៥-៦ ឆ្នាំ អាចបើកបរ បញ្ជាត្រាទ័រឈូសដីយ៉ាងឡូយ ខណៈឪពុកបង្ហាញអារម្មណ៍រំភើបខ្លាំង ពេលឃើញកូនអាចធ្វើបានដ៏អស្ចារ្យបែបនេះ បានធ្វើឲ្យមហាជនជាច្រើនឃើញហើយ សម្តែងការហួសចិត្តយ៉ាងខ្លាំង។
ជាក់ស្តែង ក្រោយពីបានឃើញ និងលឺឪពុកសប្បាយ សើចក្អាកក្អាយ និងមោទនភាព ចំពោះកូនប្រុសប៉ុនហ្នឹងសោះ អាចបើកបរ បញ្ជាគ្រឿងចក្រឈូសដីបានបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្តែងការហួសចិត្តថា «សប្បាយ មោទនភាពណាស់ ប្រយ័ត្នធ្លាក់កិនងាប់ កុំសប្បាយអរពេក ធ្វើឪគេភ្លើមេស, គិតថាគេសរសើរហើយនុង កង់ធំៗណាស់ កុំបណ្តោយពេក ប្រយ័ត្នមានវិប្បដិសារីណាពូ!»។
ក្នុងនោះផងដែរ អ្នកបើកបរម្នាក់ ក៏បានសម្តែងការហួសចិត្តដែរថា៖ «ខ្ញុំក៏ជាតាកុងម្នាក់ដែរ។ ខ្ញុំបង្រៀនប្អូនខ្ញុំអាយុ ១៥ ឆ្នាំ។ ក៏ខ្ញុំនៅពីក្រោយដែរ នេះប្រលែងគ្នាចោល គ្រោះថ្នាក់ណាស់ ហើយក្មេងប្រហែលជាង៥ឆ្នាំ»៕




