រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមវតី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដឹកនាំគណៈប្រតិភូលោកជំទាវទី១ នៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រួមមាន លោកជំទាវ Brigitte Macron ព្រមទាំងលោកជំទាវទី១ នៃសាធារណរដ្ឋរវ៉ាន់ដា (Rwanda) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (Laos) សាធារណរដ្ឋឥស្លាមម៉ូរីតានី (Mauritania) សហភាពកូម័រ (Comores) នូវែលកាឡេដូនី (New Caledonia) និងសាធារណរដ្ឋអង់ហ្គោឡា (Angola) អញ្ជើញទស្សនា «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) និងកម្មវិធី «ប៉ាក់ស្បៃខ្មែរ» ដែលជាកម្មវិធីផ្លូវការសម្រាប់ភរិយាថ្នាក់ដឹកនាំ (Spouse Program) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកជំទាវបណ្ឌិត និងគណៈប្រតិភូលោកជំទាវទី១ បានអញ្ជើញទស្សនា និងចូលរួមក្នុងសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖
ទស្សនាពន្លាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងការតាំងបង្ហាញសិល្បៈ «ប៉ាក់ស្បៃខ្មែរ» ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ ភាពផ្ចិតផ្ចង់ និងមរតកវប្បធម៌ដ៏ផូរផង់របស់ស្ត្រីខ្មែរ
ពិធីប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់លោកជំទាវទី១ ទាំងអស់ ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ទស្សនាពន្លាជាតិអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងពន្លាជាតិរបស់ប្រទេសទាំង ៧
ថតរូបអនុស្សាវរីយ៍រួមគ្នានៅខាងមុខនិមិត្តរូប ប្រាសាទព្រះវិហារ
ទស្សនាស្តង់ពិព័រណ៍ផលិតផល និងស្តង់ម្ហូបអាហារប្រពៃណីដ៏សម្បូរបែប
ទស្សនាការដើរបង្ហាញម៉ូត «ស្បៃខ្មែរ» ដែលរំលេចនូវសោភ័ណភាព និងភាពថ្លៃថ្នូរនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ
កម្មវិធីទស្សនកិច្ចដ៏វិសេសវិសាលនេះ មិនត្រឹមតែពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងភរិយាថ្នាក់ដឹកនាំក្នុងគ្រួសារហ្វ្រង់កូហ្វូនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពី «ស្នាមញញឹមខ្មែរ» ភាពរួសរាយរាក់ទាក់ ព្រមទាំងការលើកតម្កើងស្នាដៃសិល្បៈហត្ថកម្ម និងតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជាក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិទៅកាន់ឆាកអន្តរជាតិ។ រក្សាសិទ្ធដោយ៖សុទ្ធលី




























