ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែននិង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានផ្លាស់ប្ដូរនូវយោបល់គ្នាទៅវិញទៅមកជុំវិញការពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងបច្ចេកវិទ្យា នៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងទ្វេភាគី កម្ពុជា និងបារាំង

នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍វត្តមាន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (EMMANUEL MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ឯកឧត្តមប្រធានាធិបតីបារាំងនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ទំនាក់ទំនងកម្ពុជា និងបារាំងជាពិសេសគឺ៦០ឆ្នាំក្រោយនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Charles de Gaulle អតីតប្រធានាធិបតីបារាំង។
សម្ដេចតេជោក៏បានលើកឡើងចំពោះឯកឧត្តមប្រធានាធិបតី EMMANUEL MACRON ថា សម្ដេចបានឃើញនូវសកម្មភាពរបស់ ឯកឧត្តមប្រធានាធិបតីនៅពេលមកដល់ប្រទេសកម្ពុជា ឯកឧត្តមបានចំណាយពេលក្នុងការទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយនៅពេលយប់ ឯកឧត្តម និងលោកជំទាវ ក៏បានដើរទស្សនាកម្សាន្តនៅមាត់ទន្លេក៏ដូចជាតាមបណ្ដាផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ហើយសម្ដេចបានឃើញនូវរូបភាពនេះនៅលើបណ្ដាញសង្គម សម្ដេចបានលើកឡើងថា សកម្មភាពរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជានៅពេលនេះ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយប្រជាជនម្នាក់ៗមានការរំភើបនៅពេលដែលឃើញឯកឧត្តមប្រធានាធិបតីបានទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ និងជាពិសេសនៅពេលដែលឯកឧត្តមធ្វើដំណើរជាមួយនឹងលោកជំទាវទស្សនាតាមដងផ្លូវ និងនៅមុខព្រះបរមរាជវាំងជាដើម ដែលបង្ហាញអំពីការស្រលាញ់ និងការជឿជាក់របស់ប្រជាជនខ្មែរចំពោះបារាំង។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីបានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសាជាថ្មី និងបានមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ បន្ទាប់ពីឯកឧត្តមបានជួបជាមួយសម្ដេចតេជោនៅឯប្រទេសបារាំងកាលពីឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តមបានរំលឹកថា នៅពេលដែលឯកឧត្តមបានជួបជាមួយសម្ដេចតេជោ ឯកឧត្តមមានមនោសញ្ចេតនាជាមួយសម្ដេច ប្រកបដោយភាពស្និទ្ធស្នាល និងការជឿទុកចិត្តចំពោះសម្ដេចតេជោបន្ថែមពីលើនេះ ឯកឧត្តមប្រធានាធិបតីបារាំង ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ដោយឯកឧត្តមបានចែករំលែកថា អង្គការអន្តរជាតិមួយនេះ ក៏មានការចូលរួមពីព្រះករុណាព្រះបាទសម្ដេចព្រះបរមរតនៈកោដ្ឋ សម្ដេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកអង្គការហ្វ្រង់កូហ្វូនីផងដែរ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរនូវយោបល់គ្នាទៅវិញទៅមកជុំវិញការពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងបច្ចេកវិទ្យា នៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងទ្វេភាគី កម្ពុជា និងបារាំង។ បន្ថែមពីលើនេះភាគីទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានាធិបតីបារាំង ក៏បានពិភាក្សាដោយចែករំលែកទាក់ទងផ្លាស់ប្ដូរយោបល់ទាក់ទងទៅនឹងបញ្ហាមួយចំនួនផងដែរ ដែលភាគីទាំងពីរកំពុងតែយកចិត្តទុកដាក់។
ដូច្នេះតាមរយៈជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តមប្រធានាធិបតីបារាំង គឺបានប្រព្រឹត្តទៅដោយរលូន ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។

តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីបារាំងនាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ដែលមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីររំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ និងវិស័យការពារជាតិ។ ជាពិសេសកិច្ចសហប្រតិបត្តិការនេះ អាចបើកឱកាសបន្ថែមសម្រាប់ការទាក់ទាញវិនិយោគិនបារាំង បង្កើតឱកាសការងារ និងពង្រីកទីផ្សារសម្រាប់កម្ពុជា។
លើសពីនេះ ការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពរួម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម