ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ថៃ ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ បានមើលឃើញថា សមាគមមួយនេះ បាននិងកំពុងដើរតួនាបានយ៉ាងល្អក្នុងការរួមចំណែកធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរបានកាន់តែល្អប្រសើរ។
នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកានេះសមាគមមិត្តភាពកម្ពុជា-ថៃបើកកិច្ចប្រជុំត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក នៃសមាគម ដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់ និងពាណិជ្ជករល្បីឈ្មោះបោះសំឡេងនៃប្រទេសទាំងពីរ។
សមាគមមិត្តភាពកម្ពុជា-ថៃ នេះមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងលោកឧកញ៉ា លី យ៉ុងផាត់ ជាអនុប្រធាន ។ សមាគមនេះជាគណៈកម្មាធិការអន្តរក្រសួងសម្រាប់ទំនាក់ទំនងកម្ពុជា-ថៃ ដែលមានសមាជិកជាង ៧០រូប រាប់បញ្ចូលទាំងទីប្រឹក្សាផងដែរ ដែលជារដ្ឋមន្ត្រីមកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋលេខាធិការក្រសួងការបរទេស។ ទីប្រឹក្សាផ្សេងទៀតមានអភិបាលខេត្តបាត់ដំបង កោះកុង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។អ្នកឧកញ៉ានិងលោកឧកញ៉ាចំនួន ៣៥រូបជាសមាជិក ក្នុងនោះរួមមាន លោក គិត ម៉េង លោក កុក អាន លោក ពុង ខៀវសែ លោក ឡាវ ម៉េងឃីន និងលោក អាន ម៉ាឌី ជាដើម។ សមាគមនេះ មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ ដែលមានសមាជិកចំនួន៦រូប។
គួរបញ្ជាក់ថា៖សមាគមមិត្តភាពកម្ពុជាថៃ មាសមាគមមិត្តភាពកម្ពុជា-ថៃ ក៏មានសិទ្ធប្រើប្រាស់ថវិកា ដោយឡែករបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី និងមានសិទ្ធិទទួល និងចាត់ចែងប្រើប្រាស់តាមនីតិវិធីច្បាប់ជាធរមាននូវធនធាន និងមូលនិធិដែលបានមកពីប្រភពផ្សេងៗទៀត សម្រាប់ដំណើរការការងាររបស់ខ្លួនបើទោះបីជាយ៉ាងណា សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឲ្យសមាគមអនុវត្តន៍នូវគោលការណ៍ ៥ចំណុចទៀត ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ថៃ កាន់តែល្អប្រសើរថែមទៀត។
សំណើទាំង ៥ចំណុច ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនោះរួមមាន៖១៖ កិច្ចសហប្រតិបត្តិការលើវិស័យកីឡា៖ ត្រូវមានការរៀបចំឲ្យមានព្រឹត្តិការណ៍ថ្មីៗថែមទៀត ដូចជាការប្រកួតបាល់បេតង់, បាល់ទះ, បាល់ទាត់ សីប៉ាក់តាក្រនៅកម្ពុជា មិនតែប៉ុណ្ណោះត្រូវតែមានការជំរុញហ្វឹកហាត់រួមគ្នាផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកទាំងនៅក្នុងប្រទេសកម្ពុជា ប្រទេសថៃ ដើម្បីលើកកម្ពស់សមត្ថភាពកីឡាឲ្យកាន់តែប្រសើរឡើងថែមទៀត។២៖ ការបណ្ដុះបណ្ដាល៖ សមាគមមិត្តភាពថៃ-កម្ពុជាបន្ដជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យកសិកម្ម សិប្បកម្ម និងជួយជំរុញសហគ្រាសធុនតូច និងមធ្យមដល់កម្ពុជា ទន្ទឹមនឹងនោះជួយផ្ដល់អាហាររូបករណ៍ដល់និស្សិតពីលើអាហាររូបករណ៍ថៃ ដែលបានផ្ដល់តាមរយៈក្រសួងអប់រំយុវជន និងកីឡាកន្លងមក។៣៖ ការពង្រីកទំនាក់ទំនងផ្នែកធុរកិច្ច ផ្នែកសង្គម និងវប្បធម៌៖ បន្ដការរៀបចំការតាំងពិព័រណ៍រួមគ្នារវាងពាណិជ្ជកម្មកម្ពុជាថៃ ក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ក្នុងឱកាសបុណ្យសមុទ្រ, បុណ្យទន្លេ, ព្រមទាំងពិធីផ្សេងៗ ដូចជាការប្រគុំតន្ដ្រីសម័យរួមគ្នា ដោយមានការចូលរួមពីសិល្បៈករល្បីៗទាំងពីរប្រទេស ដើម្បីស្វែងរកការគាំទ្រពីសំណាក់សប្បុរសជននានា ជួយដល់វិស័យមនុស្សធម៌ ដូចជាមន្ទីរពេទ្យគន្ធបុប្ផា និងជំរុញឲ្យមានការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជានៅប្រទេសថៃ។ ៤៖ ការងារប្រវត្តិសាស្ដ្រ៖ រៀបចំប្រតិភូផ្លាស់ប្ដូរដំណើរទស្សនកិច្ច និងបទពិសោធន៍ទៅវិញទៅមកលើការងារប្រវត្តិសាស្ដ្ររបស់ប្រទេសទាំងពីរ។៥៖ ការងារតាមច្រកព្រំដែន៖ ជួយសម្របសម្រួលការដឹកជញ្ជូនកសិកម្ម ពាណិជ្ជកម្ម កសិផល ចេញចូលតាមច្រកផ្លូវគោក ផ្លូវទឹក កម្ពុជា-ថៃ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន ឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការផ្សារភ្ជាប់រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ក្នុងគោលដៅកសាងព្រំដែនជាតំបន់សន្ដិភាព, សន្ដិសុខ, សហប្រតិត្តិការ និងការអភិវឌ្ឍពិតប្រាកដ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតសមាគមមិត្តភាពកម្ពុជា-ថៃ កាលពីខែធ្នូ ឆ្នាំ២០១៥ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់ផ្នែក និងវិស័យដូចជាពាណិជ្ជកម្ម វិនិយោគ កសិកម្មវប្បធម៌ ទែសចរណ៍កីឡា អប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈនិងសង្គមកិច្ច។ សមាគមនេះ ក៏មានភារកិច្ចរៀបចំគម្រោងនិងកម្មវិធីសហប្រតិបត្តិការ ផ្លាស់ប្តូរយោបល់ ទស្សនកិច្ចសិក្សា ស្រាវជ្រាវ ចែករំលែកបទពិសោធន៍ ពង្រឹងប្រព័ន្ធទំនាក់ទំនងនិងធ្វើរបាយការណ៍ ពីសកម្មភាពដាក់ជូនរដ្ឋាភិបាលជាដើម៕ ដោយ៖បញ្ញាស័ក្តិ