ភ្នំពេញ ៖ “ការគោរពស្រ្តី គោរពតួនាទីស្រ្តី និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាផ្នត់គំនិត និងវប្បធម៌ដែលមានក្នុងសង្គមកម្ពុជាជាយូរណាស់មកហើយ និងមានការយកចិត្តទុកដាក់រហូតមកដល់ពេលបច្ចុប្បន្ន។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ស្របពេលក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី បានសហការរៀបចំសិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី» ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីការគោរពស្ត្រី និងតួនាទីស្ត្រី នៅក្នុងសង្គមខ្មែរ។
បន្ទាប់ពីបានស្តាប់មតិស្វាគមន៍របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានរៀបចំពីសារៈសំខាន់នៃស្ត្រីក្នុងការអនុវត្តមុខងារ និងតួនាទី ភារកិច្ចក្នុងសង្គម ផ្គួបផ្សំនឹងចក្ខុវិស័យរបស់ក្រសួង រួចមកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមថា “ការគោរពស្រ្តី គោរពតួនាទីស្រ្តី និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាផ្នត់គំនិតដែលមានក្នុងសង្គមកម្ពុជាជាយូរណាស់មកហើយ រហូតមកដល់ពេលបច្ចុប្បន្ន។” កន្លងមក មិនថារឿងរ៉ាវប្រវត្តិសាស្ត្រពីបុរាណ ឬការវិវត្តិថ្មីៗនោះទេ ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ក្នុងនោះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើកកម្ពស់ និងផ្តល់ឱកាសដល់ស្ត្រី លើកទឹកចិត្តឱ្យមានថ្នាក់ដឹកនាំដែលជាស្រ្តី ហើយបានយកចិត្តទុកដាក់ និងគិតគូរជាប្រចាំ ក្នុងការផ្តល់ឱកាសបន្ថែមដល់ស្ត្រីក្នុងសង្គមកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី





