ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា គណៈរដ្ឋមន្ត្រីអាណត្តិទី៦នេះ គឺជាការឆ្លើយតបនឹងការចង់បានរបស់មហាជន ដែលបានផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោត។
លោក ផៃ ស៊ីផាន ក៏ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា យោងតាមលទ្ធផល នៃការបោះឆ្នោតដែលប្រជាពលរដ្ឋ ខ្មែរ បានបោះឆ្នោតគាំទ្រជាង៨០ភាគរយ ពីលទ្ធផលរួនៃការបោះឆ្នោតសកល គឺជាការបង្ហាញនៃជម្រើស និងកិច្ចវាយតម្លៃខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ លើសលប់ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំគណៈរដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាព និងនាំមុខនូវភាពជោគជ័យ នៅក្នុងអាណត្តិទី៥ កន្លងមកហើយ។
លោកផៃ ស៊ីផាន បានបញ្ជាក់ថា “ចម្លើយរបស់ខ្ញុំជម្រាបជូនដល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ ឆ្លើយតបចំពោះ សមាសភាពគណៈរដ្ឋមន្ត្រីអាណត្តិទី៦នេះ។ យោងតាមលទ្ធផល នៃការបោះឆ្នោត ដែលប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតគាំទ្រ ចិតសិបភាគរយជាង ពីលទ្ធផលរួម នៃការបោះឆ្នោតសកល គឺជាការបង្ហាញ នៃជម្រើស និងកិច្ចវាយតម្លៃខ្ពស់របស់ប្រជាពលរដ្ឋខ្មែរលើសលប់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានដឹកនាំគណៈរដ្ឋមន្ត្រីរបស់លោក ប្រកបដោយប្រសិទ្ធភាព និងនាំមុខ នូវភាពជោគជ័យ នៅក្នុងអាណត្តិទី៥កន្លងមកហើយ។
សិ្ថតនៅក្នុងចំណោមវិស័យ និងអនុវិស័យ៖ (១)កំណើនសេដ្ឋកិច្ច (២)កំណើនការងារ (៤)សង្គមសមធម៌ និងអភិបាលកិច្ចល្អ។ លទ្ធផលភ្លូកទឹក ភ្លូកដី នៃការបោះឆ្នោតសកល នៃអាណត្តិទី៦នេះ គឺជាមូលដ្ឋានគ្រឹះ និងជាការឆ្លុះបញ្ចាំងអំពីអំណរសាទររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះប្រវត្តិ និងសមិទ្ធផលជាក់ស្ដែង ប្រកបដោយជោគជ័យ របស់គណៈរដ្ឋមន្ត្រី អាណត្តិទី៥។ អ្វីដែលប្លែក នៅក្នុងអាណត្តិទី៦នេះ ជាមួយនិងកំណែទម្រង់រដ្ឋបាល យុត្តិធម៌ និងវិស័យដទៃទៀត សម្តេចតេជោ លោកបានគៀរគរកម្លាំងរួមរបស់ជាតិ ក្នុងកិច្ចពង្រឹងការពារ កសាង និងការអភិវឌ្ឍជាតិនោះ គឺក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលជាយន្តការថ្មី នៃកិច្ចប្រមូលផ្តុំធាតុផ្សំ ជាមួយនិងនាយករដ្ឋមន្ត្រី ដែលជាកម្លាំងបន្ថែមទៅនៅក្នុងវិស័យអភិបាលកិច្ចល្អ។ ចំដោយឡែកមតិដែលនៅក្រោមឥទ្ធិពលរបស់ក្រុមប្តូរៗ គួរតែវិលមករកការវាយតម្លៃជាក់ស្ដែង និងគោរពដល់គំហើញ និងជម្រើសរបស់មតិភាគច្រើន ដែលគេទាំងនោះត្រូវតែដើរចេញពីវោហាសាសន៍ មកទទួលស្គាល់លទ្ធផល នៃការវិវត្តន៍ជាក់ស្តែងនៅក្នុងបរិបទរបស់កម្ពុជាសុទ្ធសាធ។
គណៈរដ្ឋមន្ត្រីនេះ ជាគណៈរដ្ឋមន្ត្រី ដែលកើតចេញពីការវាយតម្លៃប្រកបដោយយុត្តិធម៌ របស់ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ និងមិនឋិតនៅក្នុងឥទ្ធិពលរបស់ក្រុមណាមួយនោះឡើយ ហើយគណៈរដ្ឋមន្ត្រីនេះ ជាគណៈរដ្ឋមន្ត្រីប្រកបដោយនីត្យានុកូលភាព និង អធិបតេយ្យភាព នៃជម្រើសជោគវាសនារបស់ខ្លួន ដែលជាសិទ្ធិសម្រេចផ្ដាច់មុខរបស់ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ស្រុក។ ប្រសិទ្ធភាពនៃដំណើរការរបស់គណៈរដ្ឋមន្ត្រីអាណត្តិទី៦នេះ គឺជាកត្តាប្រែប្រួល និងកំណត់វត្តមានឥស្សរជនទាំងនោះ គឺជាដែនអំណាចផ្តាច់មុខរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឆ្លើយតបនឹងការចង់បានរបស់មហាជន ដែលលោកផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតាមរយៈការបោះឆ្នោតនេះ”៕ ដោយ ៖ បញ្ញាស័ក្តិ