Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ បន្ត​ថែរក្សា​ការពារ​សន្តិភាព កសាង​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​

​នៅក្នុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ នៃ​រដ្ឋសភាជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ ​សែន ត្រូវបាន​រដ្ឋសភាជាតិ​នៃ​កម្ពុជា​ដែល​មាន​សមាជិក​១២៥​រូប បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តីទុកចិត្ត​ជា​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អាណត្តិ​ទី ៦ ដែល​មាន​រយៈពេល​៥​ឆ្នាំ (២០១៨-២០២៣)​។​

​សម្តេច​តេជោ ហ៊ុន សែន សប្បាយរីករាយ និង​អរគុណ​ចំពោះ​ការគាំទ្រ និង​ទំនុកចិត្ត​របស់​សមាជិក សមាជិការ​ ​នៃ​រដ្ឋសភា​ជាតិ​ត​ទាំងមូល​។ សម្តេច​ប្រមុខ​ដឹកនាំ​ប្តេជ្ញា បន្ត​ថែរក្សា​ការពារ​សន្តិភាព កសាង​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ ដើម្បី​ពលរដ្ឋ​កាន់តែ​មាន​ជីវភាព​រស់នៅ​ធូរធារ​ល្អប្រសើរ​។​

​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​បង្ហាញ​នូវ​កម្មវិធី​នយោបាយ​ពិសេសៗ និង​ប្ដេជ្ញា​អនុវត្ត​កម្មវិធី នយោ​បាយ​​​ទាំងនោះ ឱ្យបាន​ជោគជ័យ សំដៅ​បន្តដំណើរ​ការដឹកនាំ ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​ទៅ​មុខ​ទៀត​។​ ​សម្ដេច​​បាន​មាន​ប្រសាសន៍​ថា នឹង​ខិតខំ​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ ធានា​អនុវត្ត​ឱ្យបាន​សម្រេច​ជោគជ័យ​ ​នូវ​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល ដែល​កម្មវិធី​នយោបាយ​ទាំងនោះ រួមមាន​៖​ធានា​ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ​ ​និង​សុវត្ថិភាព​ភូមិ​-​ឃុំ សម្រាប់​ការរស់នៅ​របស់​ប្រជាជន​ប្រកប​ដោយ​សុខក្សេមក្សាន្ត ព្រមទាំង​ការការពារ​ឯករាជ្យ និង​បូរណភាព​ទឹកដី​ ​មិន​ឱ្យ​កម្លាំង​ណា​មក​រំលោភ​បំពាន និង​បំផ្លាញ​បានឡើយ​។ ធានា​បន្ត​ពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​លើ​គ្រប់​វិស័យ​ ​ដែល​ផ្ដល់​អាទិភាព​លើ​ការកែទម្រង់​អភិបាលកិច្ច សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ និង​កសាង​រដ្ឋបាល​ស្អាតស្អំ​ ​ព្រម​ទាំង​ការបង្កើត​ប្រសិទ្ធភាព និង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ ការពង្រឹង​បរិស្ថាន​ម៉ាក្រូសេដ្ឋកិច្ច​ ​ដែល​មាន​ស្ថិរភាព​រឹងមាំ​ធន់​នឹង​វិបត្តិ និង​ទ្រទ្រង់​ដល់​កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព បរិយា​ប័ន្ន និង​សមធម៌​។​

​បន្ត​ផ្ដល់​អាទិភាព​ខ្ពស់​ទៅលើ​ការវិនិយោគ​លើ​មូលធន​មនុស្ស​។ លើកកម្ពស់ និង​បង្កើន​ការវិនិយោគ​ទាំង​ការ​វិនិយោគសាធារណៈ​ ​និង​ការវិនិយោគ​ឯកជន លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​ចាំបា​ច់​នានា ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ ​និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​បម្រើ​ដល់​សេចក្ដីត្រូវការ​គ្រប់​ផ្នែក​របស់​ប្រជាជន​។ ពង្រឹង​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ពិសេស​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​ខ្នាតតូច និង​មធ្យម ព្រមទាំង​សេវា​ឥណទាន​ជនបទ សម្រាប់​សហគ្រាស​ធន់​តូច និង​ធន់​មធ្យម​ ​និង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប ក្នុង​អត្រា​ការប្រាក់​ទាប​សមរម្យ​។​ល​។ ធានា​ដល់​ការជំរុញ​លើកកម្ពស់​ ​និង​កែលម្អ​ជីវភាព​របស់​ប្រជាជន តាមរយៈ​ការ​ផ្ដល់​ជូន​ដល់​ស្រទាប់​យុវជន និង​ការអប់រំ​​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព ព្រម​ជាមួយនឹង​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ​។​ ​ជួយ​កសិករ​ក្នុង​ការពង្រីក​ផលិតកម្ម និង​ការរក​ទីផ្សារ​លក់​កសិផល​ដោយ​តម្លៃ​សមរម្យ​។ បន្ត​ដំឡើង​ប្រាក់​ឈ្នួល​ ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ព្រម​ជាមួយ​នឹង​ការកែលម្អ​លក្ខខណ្ឌ​ការងារ និង​ការពារ​អាជីព​ជូន​កម្មករ​និយោជិត​ ​ការបន្ត​ដំឡើង​ប្រាក់​សោធន​និវត្ត​ជូន​មន្ត្រី​សាធារណៈ​គ្រប់​ប្រភេទ ព្រមទាំង​និវត្តជន និង​អតីតយុទ្ធជន​។ ពង្រឹង​បណ្ដាញ​ផ្គត់ផ្គង់​ និង​ការបញ្ចុះ​ថ្លៃ​អគ្គិសនី ក៏​ដូចជា​ការខិតខំ​បញ្ចុះ​ថ្លៃ​សិក្សា ពិសេស​នៅ​តំបន់​ជនបទ​។ ធានា​នូវ​សុវត្ថិភាព​សង្គម​ ​និង​លំនឹង​ក្នុង​ការរស់នៅ​របស់​ប្រជាជន ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត តាមរយៈ​ការអភិវឌ្ឍ និង​ការពង្រឹង​ប្រព័ន្ធ​គាំទ្រ​សង្គម​ ​និង​របប​សន្តិ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ចីរភាព​ផ្ដល់ជូន​ប្រជាជន​គ្រប់រូប ពិសេស​ជន​ក្រីក្រ​ ​និង​ក្រុម​ជន​ងាយ​រងគ្រោះ​ពី​ហានិភ័យ​នានា​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្ដេច​នឹង​ខិតខំ​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ ធានា​អនុវត្ត​ឱ្យបាន​សម្រេច​ជោគជ័យ​ ​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ជា​ការសន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​នៅ​មុន​ការបោះឆ្នោត​ ​ពិសេស​ផ្ដល់​ការយកចិត្តទុកដាក់​លើ​វិធានការ​ជាក់ស្ដែង ដែល​ត្រូវ​ដាក់ឱ្យអនុវត្ត​នៅ​ឆ្នាំ​២០១៩ រួមមាន​៖ ​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត និង​រៀបចំ​បើក​ប្រាក់​ឈ្នួល​ពលកម្ម​ក្នុង​រយៈពេល​២​សប្ដាហ៍​ម្ដង​។ បន្ត​បង្កើន​បៀវត្សរ៍​ ​និង​ប្រាក់​សោធន​និវត្តន៍​ជូន​មន្ត្រីរាជការ​គ្រប់​ប្រភេទ ព្រមទាំង​និវត្តជន និង​អតីតយុទ្ធជន និង​រៀបចំ​បើក​បៀវត្សរ៍​ ​និង​ប្រាក់​សោធន​និវត្តន៍​តាម​ប្រព័ន្ធ​ធនាគារ ក្នុង​រយៈពេល​២​សប្ដាហ៍​ម្ដង​។ បញ្ចុះ​ថ្លៃ​អគ្គិសនី​តាម​កម្មវិធី​នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។​ ​ដាក់​ឱ្យ​អនុវត្តន៍​នូវ​កម្មវិធី​គាំពារ​សង្គម ជា​អាទិភាព​មួយ​ចំនួន​រួមមាន​៖ កម្មវិធី​ឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ ​សម្រាប់​គ្រួសារ​ក្រីក្រ របប​ហានិភ័យ​ការងារ​របស់​មន្ត្រី​សាធារណៈ របប​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត​។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដឹកនាំ​សមាជិក​រាជរដ្ឋាភិបាល ទាំងអស់ ទៅកាន់​ព្រះបរមរាជវាំង​​ដើម្បី​ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង នៅ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​។ នៅ​ថ្ងៃ​ទី​៧ កញ្ញា សម្តេច​តេជោ ហ៊ុន សែន​ ​នឹង​អញ្ជើញ​បើក​កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦ ជា​ផ្លូវការ​លើកដំបូង​នៅ​វិមាន​សន្តិភាព​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×